ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបង្ហាញជំនឿថា នៅចុងឆ្នាំ២០២៦ សាច់ប្រាក់ដែលប្រមូលបានតាមយន្តការសញ្ញាបណ្ណឯកជន អាចកើនឡើងដល់ចន្លោះពី ១ពាន់លាន ទៅ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលអាចឈានទៅដូចប្រទេសជាច្រើន ដែលគេអាចប្រមូលបានលើសពី ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ការលើកឡើងនេះធ្វើឡើងដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ» ដែលមានគោលបំណងបង្កើនការយល់ដឹងដល់សិល្បករ-សិល្បការិនី អំពីមូលដ្ឋានគ្រឹះនៃទីផ្សារមូលបត្រ អត្ថប្រយោជន៍នៃការវិនិយោគ និងការអនុវត្តការជួញដូរភាគហ៊ុនជាក់ស្តែង។
ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ សាច់ប្រាក់ដែលប្រមូលបានតាមរយៈសញ្ញាបណ្ណឯកជន មានទំហំលើសពី ៧០០លានដុល្លារអាម៉េរិក ហើយភាគច្រើនជាការបោះផ្សាយរបស់ក្រុមហ៊ុនក្នុងសម្ព័ន្ធ Royal Group។
ឯកឧត្តមបានបន្តថា តាមរយៈការចូលរួមរបស់វិស័យសាធារណៈ និងឯកជន ព្រមទាំងការចូលរួមពីក្រុមហ៊ុនធំៗក្នុងស្រុក ទីផ្សារសញ្ញាបណ្ណឯកជនកម្ពុជាកំពុងត្រូវបានពង្រីក ហើយរំពឹងថា នៅចុងឆ្នាំ២០២៦ ទំហំប្រមូលទុនអាចឈានដល់ប្រមាណ ២ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តមបានបញ្ជាក់ថា តាមគំនិតផ្តួចផ្តើមរួមគ្នាជាមួយ Royal Group Securities និងក្រោមការអនុញ្ញាតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវឧបករណ៍ហិរញ្ញវត្ថុថ្មី គឺ «សញ្ញាបណ្ណឯកជន»។ សញ្ញាបណ្ណឯកជន មានលក្ខណៈខុសពីសញ្ញាបណ្ណសាធារណៈ ដោយសារសញ្ញាបណ្ណសាធារណៈត្រូវបានចុះបញ្ជី និងជួញដូរនៅលើទីផ្សារមូលបត្រ ខណៈសញ្ញាបណ្ណឯកជនត្រូវទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ប៉ុន្តែមិនត្រូវបានចុះបញ្ជីជួញដូរនៅលើទីផ្សារមូលបត្រនោះទេ។
ឯកឧត្តម ស៊ូ សុជាតិ បានបន្ថែមថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២៧ បានចូលរួមក្នុងទីផ្សារសញ្ញាបណ្ណឯកជន ខណៈក្រុមហ៊ុនចំនួន ២ទៀត គ្រោងនឹងចូលរួមនៅខែកញ្ញាខាងមុខ ដែលនឹងធ្វើឱ្យចំនួនក្រុមហ៊ុនកើនដល់ ២៩។ ចំណែកទុនដែលប្រមូលបានតាមរយៈយន្តការនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ព្រមទាំងចូលរួមគាំទ្រទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
ដោយ៖khmerhome