Register Already an agent ? Login

កម្ពុជា និង ADB ចុះហត្ថលេខាលើឥណទានសម្បទាន ២៥០លានដុល្លារសម្រាប់អនុវត្ត «កម្មវិធីអន្តរាគមន៍បន្ទាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានទំហំ ២៥០លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច» (Rapid Intervention for Stabilization of the Economy Program – RISE) ក្នុងគោលបំណងជួយទ្រទ្រង់សេដ្ឋកិច្ច បង្កើតការងារ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ចំពេលពិភពលោកកំពុងប្រឈមភាពមិនប្រាកដប្រជា និងពហុវិបត្តិ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីភី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក ចាង នៀនហ្សាន (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃ ADB ផងដែរ។

កម្មវិធី RISE ស្ថិតក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) មានគោលដៅគាំទ្រការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការបង្កើតការងារ ការពារជីវភាពប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងការទប់ទល់នឹងវិបត្តិនាពេលអនាគត។

កម្មវិធីនេះ ផ្តោតលើសមិទ្ធផលសំខាន់ចំនួន ៣ រួមមាន ការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលថ្លៃប្រេងឥន្ធនៈ ការផ្តល់ជំនួយហិរញ្ញវត្ថុ និងគាំទ្រវិស័យកសិកម្មដល់គ្រួសារងាយរងគ្រោះ ព្រមទាំងការពន្លឿនអន្តរកាលបៃតង ដើម្បីពង្រឹងភាពធន់ និងការឆ្លើយតបចំពោះវិបត្តិថាមពលនាពេលអនាគត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ហិរញ្ញប្បទាននេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាវិធានការបន្ទាន់ និងទាន់ពេលវេលា ដើម្បីជួយឱ្យកម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជា ក៏បានក្លាយជាប្រទេសសមាជិកដំបូងគេ ដែលទទួលបានការគាំទ្រក្រោមកម្មវិធី RISE របស់ ADB បន្ទាប់ពីក្រុមប្រឹក្សាភិបាល ADB បានអនុម័តកម្មវិធីនេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់ប្រធានធនាគារ ADB ដែលបានដាក់ចេញកញ្ចប់អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ឆ្លើយតបយ៉ាងឆាប់រហ័សចំពោះផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា។

ឯកឧត្តមក៏បានកោតសរសើរចំពោះស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមការងាររបស់ ADB ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែរឹងមាំ ការជឿទុកចិត្ត និងការគាំទ្ររបស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ ADB បានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានជួយកម្ពុជា នៅពេលប្រទេសប្រឈមវិបត្តិធំៗ ដូចជាវិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១ វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះ លោក ចាង នៀនហ្សាន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារជីវភាពប្រជាពលរដ្ឋ ព្រមទាំងពង្រឹងភាពធន់របស់ប្រទេសចំពោះវិបត្តិថាមពល និងបញ្ហាប្រឈមនានានាពេលអនាគត។

លោកបានអះអាងថា ADB នឹងបន្តគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់ដល់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីគាំទ្រការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព៕

ដោយ៖khmerhome