ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា អត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់មកលើកម្ពុជា គឺ ១០% បូកអត្រា MFN មិនមែនបន្ថែមលើពន្ធ ១៩% នោះទេ។ អាត្រាពន្ធនេះ មិនមែនបន្ថែមពីលើអត្រា ១៩% នោះទេ គឺកម្ពុជាបង់ពន្ធលើ MFN ដែលពន្ធ MFN នេះ គឺជាអត្រាពន្ធអនុម័តដោយសភារបស់សហរដ្ឋអាមេរិក មិនមែនអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ ដូច្នេះគ្រប់ប្រទេសទាំងអស់ត្រូវបង់លើ MFN បូក ១០% ឬ MFN បូក ១២.៥%។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រា បានកំណត់បដិកាលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា ៤៩%។ ក្រោយពីកម្ពុជាបានចរចាជាច្រើនលើក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អត្រាពន្ធបដិកា ត្រូវបានកំណត់ជាថ្មីក្នុងអត្រា ១៩%។ តែយ៉ាងណាមិញអត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់ ១៥% ក្នុងរយៈពេល ១៥០ថ្ងៃ។ ដូច្នេះហើយលោកដូណាល់ត្រាំបានសម្រេចដាក់ ១០% ទៅលើគ្រប់បណ្តាប្រទេសទាំងអស់។ ពន្ធនេះត្រូវបានអនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។
ក្រោយការស៊ើបអង្កេតសហរដ្ឋអាមេរិក បានកំណត់ពន្ធថ្មីក្នុងអត្រាចាប់ពី ១០% ទៅ ១២.៥% បូក MFN។ ដូច្នេះប្រទេសទាំង ៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិកត្រូវអនុវត្តពន្ធថ្មី ដែលបានកំណត់ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយកម្ពុជា រួមនឹងប្រទេស ២ទៀត រួមមាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងត្រូវអនុវត្តពន្ធបដិកា ១០% បូក MFN ខណៈប្រទេស ៣៨ ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា នៅ ២ ទៅ ៣ ខែទៀត អាមេរិកនឹងបញ្ជាក់លើពន្ធ Excess Capacity ជាថ្មីលើ ១៦ប្រទេស ហើយក្នុងនោះមានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងសហភាពអឺរ៉ុប ជាដើម។
បន្ថែមពីនេះ មាន ៤ប្រទេស រួមមានកម្ពុជា បង់ក្លាដេស ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ដែលសហរដ្ឋអាមេរិកនឹងផ្តល់ជូននូវអត្រាពន្ធសូន្យ (MFN+០%) ដែលអាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ចូលទៅសហរដ្ឋអាមេរិក ក្នុងបរិមាណជាក់លាក់ដោយរួចផុតពន្ធរយៈពេល ៣ឆ្នាំ ក្នុងករណីប្រើប្រាស់វត្ថុធាតុដើម (រួមមាន ក្រណាត់ កប្បាស សូត្រ ឬអំបោះជាដើម) នាំចូលពីអាមេរិក។ តែយ៉ាងណា រូបមន្តនេះ រង់ចាំការពិនិត្យ និងសម្រេចពីភាគីអាមេរិកសិន៕
ដោយ៖khmerhome