Register Already an agent ? Login

អតិផរណាកម្ពុជាឆមាសទី១ ឆ្នាំ២០២៦ កើនដល់ ៤,៩% ដោយសារថ្លៃប្រេងពិភពលោកហក់ឡើង ខណៈជម្លោះព្រំដែនកម្ពុជា-ថៃ មិនប៉ះពាល់ដល់តម្លៃទំនិញនោះទេ

ភ្នំពេញ៖ អត្រាអតិផរណារបស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ បានកើនឡើងដល់ ៤,៩% ពី ៣,៥% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា បានជំរុញឱ្យថ្លៃប្រេងឆៅលើទីផ្សារពិភពលោកហក់ឡើង។

ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា អត្រាអតិផរណាបានកើនយ៉ាងលឿនពី ២,៦% នៅខែកុម្ភៈ ទៅ ៥,៦% នៅខែមីនា និងបន្តកើនដល់ ៧,២% នៅខែឧសភា មុននឹងថយចុះបន្តិចមកនៅ ៦,៨% ក្នុងខែមិថុនា។ការកើនឡើងនៃអតិផរណាលើកនេះ ភាគច្រើនបណ្តាលមកពី សម្ពាធផ្នែកផ្គត់ផ្គង់ ពោលគឺការឡើងថ្លៃប្រេងឆៅពិភពលោក ដែលបានជះឥទ្ធិពលដោយផ្ទាល់ដល់ថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងថ្លៃដើមផលិតកម្ម។ ក្នុងស្ថានភាពបែបនេះ ការប្រើប្រាស់នយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល ដើម្បីទប់ស្កាត់អតិផរណា មានប្រសិទ្ធភាពក្នុងកម្រិតកំណត់។

របាយការណ៍ក៏បានបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបានបង្កសម្ពាធអតិផរណាបន្ថែមឡើយ ដោយសារទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ត្រូវបានជំនួសដោយផលិតផលក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងៗ។ក្នុងចំណោមក្រុមទំនិញផ្សេងៗ ក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ មានការកើនឡើងខ្លាំងជាងគេ ដោយអត្រាអតិផរណាឈានដល់ ៧,៨% ប្រៀបធៀបនឹង -២,២% កាលពីឆមាសទី១ ឆ្នាំ២០២៥។

ក្នុងនោះ ថ្លៃប្រេងសាំងបានកើន ១៨,៤% ប្រេងម៉ាស៊ូតកើន ៣៣% និងឧស្ម័នកើន ៨,១% ស្របតាមការកើនឡើងប្រមាណ ២៣% នៃថ្លៃប្រេងឆៅពិភពលោក។ទន្ទឹមនឹងនេះ អត្រាអតិផរណាក្រុមម្ហូបអាហារ បានកើនដល់ ៥,៥% ពី ៤,៨% កាលពីឆ្នាំមុន ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងថ្លៃជីកសិកម្ម។ តម្លៃបន្លែកើន ១០,៧% និងផ្លែឈើកើន ៩% ខណៈថ្លៃជីកសិកម្មនាំចូលក៏កើនដល់ ១២,៩%។

ជារួម ស្ថានភាពអតិផរណាកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានជំរុញជាចម្បងដោយកត្តាខាងក្រៅ ជាពិសេសការកើនឡើងនៃថ្លៃប្រេងឆៅពិភពលោក ដែលបានប៉ះពាល់ដល់ថ្លៃប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូន និងថ្លៃម្ហូបអាហារ ខណៈសម្ពាធអតិផរណាពីតម្រូវការក្នុងស្រុកនៅមិនទាន់មានកម្រិតខ្លាំងនៅឡើយ៕

ដោយ៖khmerhome