ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានប្រជុំដើម្បីពិនិត្យ និងអនុម័តគម្រោងវិនិយោគចំនួន ៣ ក្នុងវិស័យកសិកម្ម, រួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ, ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន, និងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម, ដែលវិនិយោគទាំង ៣ នេះនឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ៧០០នាក់ និងបន្ថែមមូលធនប្រមាណ ១០៨លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។
កិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសានលើកទី៦ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ ដែលជាសមាជិកក្រុមការងារ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។
ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទោះបីពិភពលោកកំពុងជួបនូវបញ្ហាប្រឈមជាច្រើន, កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញដល់វិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង, ក្រុមហ៊ុនចិនធំៗបានបង្ហាញពីគោលបំណងពង្រីកបន្ថែមវិនិយោគរបស់ខ្លួននៅកម្ពុជា នៅក្នុងជំនួបបន្តបន្ទាប់ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសដែលសម្តេចចូលរួមសន្និសីទពិភពលោក ស្តីពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
ក្នុងន័យនេះ, ក្រុមការងារត្រូវបន្តការខិតខំសម្របសម្រួល ប្រកបដោយស្មារតីបុរេសកម្ម និងប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ការលើកទឹកចិត្តនានា និងការសម្រួលនីតិវិធីជាកញ្ចប់ ដើម្បីពង្រឹងការជឿទុកចិត្តពីវិនិយោគិនជាតិ និង អន្តរជាតិ សំដៅបន្តលើកកម្ពស់បរិយាកាសវិនិយោគ និង ធ្វើឱ្យកម្ពុជាបន្តជាគោលដៅវិនិយោគដ៏សំខាន់ក្នុងតំបន់។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការសម្របសម្រួលនីតិវិធី និងការផ្តល់ការលើកទឹកចិត្តពិសេសជូនវិនិយោគិន ត្រូវធ្វើឡើងដោយបុរេសកម្ម ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យកាន់តែប្រសើរឡើង ដោយការចូលរួម «ការដោះស្រាយបញ្ហាជាកញ្ចប់» ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងការតម្កល់នូវស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ។
ដោយឡែក, បន្ទាប់ពីទទួលបានការសម្របសម្រួល និងលើកទឹកចិត្តពិសេសទាំងនេះ វិនិយោគិនត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង ស្របតាមផែនការដែលបានស្នើសុំ ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការបណ្តុះបណ្តាល និងការផ្ទេរជំនាញ, និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្មពីការផលិត រហូតដល់ការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានដឹកនាំពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលត្រូវដោះស្រាយជាបន្ទាន់ សំដៅជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ ខណៈនោះ សមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានប្តេជ្ញាចិត្តខ្ពស់ចូលរួមផ្តល់ការសម្របសម្រួល ឱ្យបានល្អជាអតិបរមា រហ័ស មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរកិច្ច និងវិនិយោគ សំដៅជំរុញសកម្មភាពវិនិយោគ ឱ្យបានច្រើនទៅក្នុងខេត្តគោលដៅទាំង ៤ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកានៃក្រុមការងារចំពោះការសម្របសម្រួលទាំងឡាយជូនវិនិយោគិន ដើម្បីធ្វើឱ្យកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យខ្ពស់ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖khmerhome