Register Already an agent ? Login

កម្ពុជានាំចេញទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជានាំចេញទុរេនស្រស់ទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន គិតត្រឹម ៧ខែដើមឆ្នាំ២០២៦ ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ ប្រមាណជាង ៥០តោន របស់ក្រុមហ៊ុន ពេជ្រចិន្តា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។

សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹក ដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ។

សូមជម្រាបថា បើទោះបីជាទើបតែដំណើរការថ្មីៗនេះ ច្រកនាំចេញថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០% នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦៕

ដោយ៖khmerhome