Register Already an agent ? Login

ឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៧ប៊ីលានដុល្លារត្រូវបានចុះបញ្ជីនៅកម្ពុជា

កណ្តាល៖ កម្ពុជាបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន ដោយក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង ក្នុងទំហំទុនវិនិយោគជិត ១០ប៊ីលានដុល្លារអាម៉េរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។

ការគូសបញ្ជាក់ឲ្យដឹងបែបនេះរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុន KNN Automotive Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KNN Group ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន គឺជាការបង្ហាញពីទំនុកចិត្តលើសុខសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសធុរកិច្ច និងសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមក៏បានលើកឡើងពីភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ចពិសេស ក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជា ក្នុងខ្សែច្រវាក់តម្លៃសកល។

គណៈកម្មាធិការវិនិយោគកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បីសម្របសម្រួលការអនុវត្តគម្រោងវិនិយោគឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក៕

ដោយ៖khmerhome