Register Already an agent ? Login

មន្ត្រីគណៈកម្មាធិការវិនិយោគកម្ពុជា ចូលរួមកិច្ចពិភាក្សាស្តីពី "កាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាស CMT និង FOB និងការកាត់កងចំណាយក្នុងអត្រា ១៥០%

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី "កាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសប្រភេទ CMT (Cut, Make, Trim) និង FOB (Free on Board) និងការកាត់កងចំណាយក្នុងអត្រា ១៥០% ពីមូលដ្ឋានគិតពន្ធលើចំណាយជាក់លាក់មួយចំនួន" ដែលជាផ្នែកមួយនៃវេទិកាពន្ធដារ២០២៦ នៅទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានធ្វើការបកស្រាយ និងបង្ហាញពីសាវតា និងភាពខុសគ្នារវាងសហគ្រាសប្រភេទ CMT ដែលជារោងចក្រស៊ីឈ្នួលដេរដោយធាតុចូលផលិតកម្មត្រូវបានផ្គត់ផ្គង់ដោយអ្នកបញ្ជាទិញ និងសហគ្រាសប្រភេទ FOB ដែលផលិតផ្គត់ផ្គង់ដោយទទួលខុសត្រូវលើខ្សែច្រវាក់ផលិតកម្មទាំងមូលចាប់តាំងពីការបញ្ជាទិញវត្ថុធាតុដើម រហូតដល់ទំនិញត្រូវបានដឹកជញ្ជូនចេញ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរៀបរាប់អំពីលក្ខណៈវិនិច្ឆ័យនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ដើម្បីចៀសវាងការបកស្រាយខុសពីស្មារតីនៃលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។

បន្ថែមពីនេះ ឯកឧត្តមក៏បានធ្វើការពន្យល់យ៉ាងលម្អិតអំពីវិធាននៃការលើកទឹកចិត្តបន្ថែមក្រោមច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធ តាមរយៈការអនុញ្ញាតឱ្យគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កាត់កងចំណាយក្នុងអត្រា ១៥០% ពីមូលដ្ឋានគិតពន្ធលើសកម្មភាពអាទិភាពមួយចំនួន។ សកម្មភាពទាំងនោះរួមមានការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍, ការអភិវឌ្ឍធនធានមនុស្ស, ការសាងសង់កន្លែងស្នាក់នៅ អាហារដ្ឋាន ទារកដ្ឋាន, មធ្យោបាយដឹកជញ្ជូន, ការធ្វើទំនើបកម្មគ្រឿងម៉ាស៊ីនបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មសំណល់។

លើសពីនេះ ឯកឧត្តមបន្ថែមថា ដើម្បីទទួលបានសិទ្ធិលើកទឹកចិត្តនេះ សហគ្រាសត្រូវបំពេញតាមលក្ខខណ្ឌសារវន្តដោយត្រូវចុះបញ្ជីត្រឹមត្រូវនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត, ហេតុការណ៍បណ្តាលឱ្យមានការចំណាយ, សកម្មភាពសេដ្ឋកិច្ចពិតកើតឡើង, ការកាន់បញ្ជីគណនេយ្យ និងវិក្កយបត្រ ឬឯកសារយុត្តិកម្មច្បាស់លាស់ដើម្បីបញ្ជាក់ពីចំណាយពិតប្រាកដ៕

ដោយ៖khmerhome