Register Already an agent ? Login

ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលបានមានជាង ៦ពាន់ប៊ីលានរៀល កើនឡើងប្រមាណ ៤,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គុណ ញឹម លើកឡើងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលបានមានចំនួន ៦ ២៧៨,២ ប៊ីលានរៀល កើនឡើងប្រមាណ ៤,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ត្រូវជាប្រមាណ ៥១,៦% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ប្រាប់ឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត នៅទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះថា ក្នុងនោះ សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។

ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានគូសរំលេច​នូវ​ការ​ប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កន្លងមក និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួច ស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ក្រៅពីការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម រួមមាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយ ដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត (AEO), ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ានផងដែរ។

ក្នុងឱកាសនោះ ឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ រួមមានដូចជា ការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលប្រេងឥន្ធនៈនិងឧស្ម័ន, ការបញ្ចុះអត្រា​ពន្ធនិងអាករលើរថយន្តអគ្គិសនី និងឧបករណ៍ថាមពលសូឡា, ការថមថយនៃតម្រូវការប្រើប្រាស់ក្នុងប្រទេស និងការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសការនាំចូលជាដើម។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាប​អំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូល​ចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់​តែ​ប្រសើរ៕

ដោយ៖khmerhome