ភ្នំពេញ៖ សិប្បករនិងសហគ្រិន បានអះអាងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ រយៈពេល ៣ថ្ងៃនេះ បានទាក់ទាញ់អ្នកចូលរួមជាង ៥ម៉ឺននាក់ បានមកគាំទ្រផលិតផលខ្មែរយ៉ាងច្រើនកុះករពីពលរដ្ឋខ្មែរ ខណៈដែលបច្ចុប្បន្នស្តង់ដារ អនាម័យ និងវេចខ្ចប់ មានគុណភាពល្អមិនដាច់បរទេសឡើយ។
ការអះអាងឲ្យដឹងបែបនេះរបស់សិប្បករនិងសហគ្រិន ក្នុងពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ ដែលត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៧-១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះរួមមានពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន ការប្រកួតប្រជែងអាជីវកម្មអាហារ និងកម្មវិធីវប្បធម៌ និងសិល្បៈខ្មែរ និងជាឱកាសមាសសម្រាប់បង្ហាញម៉ាកផលិតផល, បង្កើនការលក់ និងបណ្តាញអាជីវកម្ម និងពង្រីកទីផ្សារក្នុង និងក្រៅប្រទេសផងដែរ។
តាមរយៈពិព័រណ៍អាហារកម្ពុជានេះ, អ្នកនាង ស្រីណុច ម្ចាស់សិប្បកម្ម «ម្ច៉ាស់ស្ទើរ ឆេហ្វ» លើកឡើងថា ការកែច្នៃឡើងវិញនូវវត្ថុធាតុដើមក្នុងស្រុក កំពុងត្រូវបានពន្លឿន ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព តម្លៃសមរម្យ និងកាត់បន្ថយសំណល់ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំពារ ដើម្បីជួយឱ្យសហគ្រាសក្នុងស្រុកពង្រីកសក្តានុពល និងឈានទៅបង្កើតឯករាជ្យភាពផ្នែកឧស្សាហកម្មក្នុងស្រុក ក្នុងការទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ។
លោក រួន រី ប្រធានគ្រប់គ្រងផ្នែកលក់សហគ្រាសធុនតូចផលិតគ្រឿងឧបភោគ ជេអិល ប្រាប់ឲ្យដឹងថា ពលរដ្ឋខ្មែរយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ បានងាកមកគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈទទួលស្គាល់នូវគុណភាព ស្តង់ដារ និងអនាម័យមិនចាញ់បរទេសឡើយ ស្របពេលដែលជាង១ឆ្នាំមកនេះ ពួកគាត់បានធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ ធ្វើឡើងមានគោលបំណងសំខាន់ដើម្បីលើកកម្ពស់សហគ្រិនអាហារខ្មែរ ដើម្បីផ្តល់ឱកាសឱ្យអាជីវករ សហគ្រិន ម្ចាស់ហាង ម្ចាស់ភោជនីយដ្ឋាន អ្នកផលិត និងអ្នកច្នៃម្ហូបថ្មីៗ បានបង្ហាញសមត្ថភាព បង្កើនការលក់ កសាងកេរ្តិ៍ឈ្មោះ ពង្រីកទីផ្សារ និងបង្កើតមោទនភាពចំពោះអាហារខ្មែរ។ ព្រឹត្តិការណ៍នេះ ៣ថ្ងៃនេះ មានអ្នកចូលរួមទស្សនានិងទិញផលិតផលខ្មែរប្រមាណ ៥ម៉ឺននាក់ ដែលមានតាំងបង្ហាញផលិតផល ២២០ស្តង់៕
អត្ថបទ៖khmerhome