Register Already an agent ? Login

វិស័យទេសចរណ៍បច្ចុប្បន្ន បានផ្តល់ឱកាសដល់ពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ បានបង្កើតអាជីវកម្មនិងមុខរបរបម្រើដល់សកម្មភាពទេសចរណ៍ជាង ២ពាន់អាជីវកម្ម

ភ្នំពេញ៖ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លើកឡើងថា ស្ថានភាពវិវត្តនៃវិស័យទេសចរណ៍បច្ចុប្បន្ន បានផ្តល់ឱកាសដល់អ្នកវិនិយោគ អាជីវកម្មទេសចរណ៍ និងប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ បានបង្កើតអាជីវកម្មនិងមុខរបរបម្រើដល់សកម្មភាពទេសចរណ៍ ដែលមានសរុបប្រមាណ ២,១៧៨ អាជីវកម្ម។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៧-១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ។

ឯកឧត្តម ហូត ហៃ បន្តថា តាមរយៈការបង្កើតអាជីវកម្មនិងមុខរបរបម្រើដល់សកម្មភាពទេសចរណ៍ ដែលរួមមាន សណ្ឋាគារ អាផាតមិន ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ស្ប៉ា ម៉ាស្សា មណ្ឌលកម្សាន្តមនុស្សពេញវ័យ សេវាកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៣,០០០ នាក់ សម្រាប់ផ្តល់សេវាទេសចរណ៍ជាង ១២ ភាសា និងផ្តល់ការងារដល់កម្លាំងពលកម្មប្រមាណជា ១៦ ម៉ឺនកន្លែង។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូសហការទាំងអស់ ដែលបានផ្តួចផ្តើមបង្កើតឲ្យមានយុទ្ធនាការនេះឡើង ក្នុងន័យស្មារតីជាតិរួមរួមគ្នា ជំរុញឲ្យម្ហូបអាហារខ្មែរ ក្លាយជាឧស្សាហកម្មមានស្តង់ដា មានអត្តសញ្ញាណ មានទីផ្សារ ប្រកបដោយភាពប្រកួតប្រជែង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីជាការគាំទ្រដល់ការវិនិយោគផ្នែកឯកជន រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំអនុវត្តឲ្យបានល្អប្រសើរនូវគោលនយោបាយពាណិជ្ជកម្ម ក្នុងការទាក់ទាញវិនិយោគ និងការសម្របសម្រួលធុរកិច្ចជូនធុរជន ជាពិសេសការបង្កើតនូវការអភិវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងផ្នែករដ្ឋនិងឯកជន ក្នុងន័យជំរុញឲ្យកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗបន្ថែមទៀត។

ឯកឧត្តមកត់សម្គាល់ថា ទន្ទឹមគ្នានៅនឹងការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលសមិទ្ធផលទាំងអស់នេះ បានក្លាយជាធាតុចូលដ៏សំខាន់ ដើម្បីបង្កើតនូវទំនុកចិត្តពីសំណាក់អ្នកវិនិយោគទុន ទាំងក្នុងនិងក្រៅប្រទេស ឲ្យចូលមកបណ្តាក់ទុនធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើង។ ការរីកចម្រើននេះ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ បញ្ហាសន្តិសុខស្បៀង អាហារូបត្ថម្ភ គឺកិច្ចការងារអាទិភាពមួយ ដែលគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់។ ព្រោះថា តាមរយៈកត្តាប្រជាសាស្ត្រ ការវិនិយោគ កំណើនភ្ញៀវទេសចរ និងការកើនឡើងនូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យតម្រូវការផ្នែកម្ហូបអាហារមានការកើនឡើងកាន់តែសំបូរបែប។

លើសពីនេះ ឯកឧត្តមបន្ថែមថា រាជធានីភ្នំពេញ គឺជាកន្លែងរដ្ឋបាលប្រមូលផ្ដុំ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋានចម្រុះគ្រប់ប្រភេទ និងជាតំបន់ទេសចរ ក៏ជាកត្តាមួយធ្វើឱ្យតម្រូវការប្រើប្រាស់ម្ហូបអាហារ មានការកើនឡើងផងដែរ សម្រាប់បម្រើដល់ខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការផលិត ការកែច្នៃ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារ។

ឯកឧត្តមសង្កត់ធ្ងន់ថា តាមរយៈការកើនឡើងនៃតម្រូវការម្ហូបអាហារ យើងបានរកឃើញនូវវត្តមានម្ហូបអាហារមួយចំនួនតូច ដែលគ្មានប្រភពច្បាស់លាស់ គ្មានគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញក្លែងក្លាយ និងផលិតផលមានផ្ទុកសារធាតុគីមីខ្ពស់ជាដើម។ ដូច្នេះយើងចាំបាច់ត្រូវរួមគ្នាការលម្អខ្សែច្រវាក់ផលិតកម្មស្បៀងអាហារ និងត្រូវពង្រឹងសុវត្ថិភាពម្ហូបអាហារ ដើម្បីជួយការពារដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកប្រើប្រាស់ទាំងឡាយ និងដើម្បីកាត់បន្ថយការនាំចូលផលិតផលពីខាងក្រៅ។

ឯកឧត្តមក៏បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រ ប្រើប្រាស់ និងផ្សព្វផ្សាយពីផលិតផលក្នុងស្រុកឱ្យបានច្រើនកុះករគ្រប់ៗគ្នា និងព្រមទាំងសូមសហគ្រិន និងអាជីវករ ខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះជំនាញ ភាពច្នៃប្រឌិត បង្កើនគុណភាព គ្រប់តាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងបង្កើនការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការផលិតកម្ម និងការផ្តល់សេវាកម្មឱ្យបានល្អប្រសើរទាំងនាពេលបច្ចុប្បន្ន និងអនាគត។

អត្ថបទ៖khmerhome