ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី ថ្លែងថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៧,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៥,៧ ប៊ីលានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ។
ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើក «មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគម ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយនេះ ក្នុងគោលដៅជំរុញលើកកម្ពស់ឧស្សាហូបនីយកម្ម ទាក់ទាញការវិនិយោគថ្មីៗ និងភ្ជាប់អ្នកវិនិយោគ រោងចក្រ សហគ្រាស អ្នកផ្គត់ផ្គង់ បណ្តាញធុរកិច្ច និងនវានុវត្តន៍ករ ដោយពង្រឹងភាពជាដៃគូ និងរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។ បច្ចុប្បន្នការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះស្ថិរភាព សក្តានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការ ដែលបានចុះបញ្ជីនៅក្រសួងសរុបមានចំនួន ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មជាង ១,៣ លាននាក់ ក្នុង នោះស្រីមានជាង ៩៤ ម៉ឺននាក់ ស្មើនឹង ៧០%។ ទុនវិនិយោគសរុបមានប្រមាណ ២៧,៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៥,៧ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួនជាង ៤,២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា តម្លៃបរិមាណផលិតផលរយៈពេល ៥ខែ ឆ្នាំ២០២៦ មានជាង ៧,៩ ប៊ីលានដុល្លាអាម៉េរិក ក្នុងស្រុកប្រមាណ ២ ប៊ីលានដុល្លាអាម៉េរិក និងនាំចេញប្រមាណ ៥,៩ ប៊ីលានដុល្លាអាម៉េរិក បើធៀបនឹងរយៈពេល ៥ខែដូចគ្នា ឆ្នាំ២០២៥ កើនឡើងមានប្រមាណ ៣,៨ ប៊ីលានដុល្លាអាមេរិក ឬ ៦៣%។
ឯកឧត្តមរដ្ឋមន្ត្រី គត់សម្គាល់ថា បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរវិធីសាស្ត្រផលិតទំនិញរបស់ពិភពលោក។ បញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម ក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត បច្ចេកវិទ្យាឌីជីថល និងផលិតកម្មឆ្លាតវៃ កំពុងក្លាយជាកត្តាកំណត់ សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗ។ សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅ សង្វៀននេះបានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើក កម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសរបស់យើង។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គុណភាពជាតិ ដើម្បីគាំទ្រការធ្វើបរិវិត្តកម្មឧស្សាហកម្មកម្ពុជា ឱ្យកាន់តែមានផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែង។ ជាមួយគ្នានេះ ក្រសួងបន្តគាំទ្រការរៀបចំពិព័រណ៍ឧស្សាហកម្ម និងកិច្ចសហការជាមួយសមាគមធុរកិច្ច និងក្រុមហ៊ុនឈានមុខនានា ក្នុងការនាំយកបច្ចេកវិទ្យា ដំណោះស្រាយ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងនវានុវត្តន៍ថ្មីៗ មកបង្ហាញ និងចែករំលែកជាមួយសហគ្រាសនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រ និងត្រួសត្រាយផ្លូវសម្រាប់ពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះនៃឧស្សាហូបនីយកម្ម ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ តបតាមសំណើរបស់រាជរដ្ឋាភិបាល រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ស្ដីពីកិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញ ទៅមករបស់អាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កិច្ចព្រមព្រៀងនិងកិច្ចសម្រុះសម្រួលទាំងនេះ នឹងពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា លើកកម្ពស់ សមត្ថភាពបច្ចេកទេស និងភាពជឿជាក់របស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ច ព្រមទាំងជំរុញ ការទទួលស្គាល់ទៅវិញទៅមក នូវលទ្ធផលវាយតម្លៃភាពអនុលោម រវាងបណ្តារដ្ឋសមាជិកអាស៊ាន សំដៅសម្រួលលំហូរទំនិញក្នុងទីផ្សារអាស៊ាន និងលើកកម្ពស់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជាក្នុងតំបន់។
លោកស្រី ហ្គាន់ វៃ (Mr. Guan Wei) តំណាងស្ថានទូតសារធារណរដ្ឋប្រជាមានចិនប្រចាំកម្ពុជា ថ្លែងថា យោងតាមទិន្នន័យរបស់ភាគីកម្ពុជា ប្រទេសចិនបានរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា អស់រយៈពេល ១៤ឆ្នាំជាប់ៗគ្នា។ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានទំហំ ១១.៦៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានរក្សាតំណែងជាប្រភពវិនិយោគធំបំផុតរបស់កម្ពុជា អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នា។
លោកស្រីថ្លែងបន្តថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទាក់ទាញទុនវិនិយោគសរុប ៤.៧ ពាន់លានដុល្លារអារម៉េរិក ក្នុងនោះវិនិយោគពីប្រទេសចិន មានចំណែក ៣៥.៧%។ ចាប់តាំងពីការដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» មកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ បានបន្តទទួលលទ្ធផលថ្មីៗជាបន្តបន្ទាប់។
លោកស្រីគូសបញ្ជាក់ថា ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសួនឧស្សាហកម្មកម្ពុជា-ចិនផ្សេងៗ បានក្លាយជាគំរូនៃការប្រមូលផ្តុំឧស្សាហកម្ម ការបង្ហាញបច្ចេកវិទ្យា និងការបង្កើតការងារ។ រហូតមកដល់ពេលនេះ បានទាក់ទាញសហគ្រាសជាង ២០០ ឱ្យចូលវិនិយោគបង្កើតការងារមានស្ថិរភាពជាង ៣ម៉ឺន ៥ពាន់កន្លែង និងជំរុញការរីកចម្រើននៃឧស្សាហកម្មគាំទ្រក្នុងស្រុក ដោយបានដាក់មូលដ្ឋានដ៏រឹងមាំសម្រាប់ការកសាងប្រព័ន្ធឧស្សាហកម្មឯករាជ្យរបស់កម្ពុជា និងធ្វើឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖khmerhome