Register Already an agent ? Login

ជប៉ុននឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៧១១លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ២០២៦ និងត្រៀមចុះហត្ថលេខាលើឥណទានសម្បទានថ្មីជិត ១៩០លានដុល្លារ នាពេលខាងមុខនេះ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ឥណទានសម្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន ៦ ដែលមានទឹកប្រាក់សរុបប្រមាណ ៧០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ ៣គម្រោង មានទឹកប្រាក់ប្រមាណ ១១លានដុល្លារអាម៉េរិក ដល់កម្ពុជា ក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ជប៉ុនក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មីមួយកម្មវិធីបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ១៨៨លានដុល្លារអាម៉េរិក ហើយគ្រោងនឹងចុះហត្ថលេខានៅក្នុងឆ្នាំនេះផងដែរ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយ លោក (អ៊ូអិណុ អាត់ស៊ូស៊ី) UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតមកដល់បច្ចុប្បន្ន។ លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ជប៉ុនបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយផ្តោតលើការផ្តល់ឥណទានសម្បទាន ស្របតាមយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគាំទ្រកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជាពិសេសដល់ឯកអគ្គរាជទូតជប៉ុន ដែលបានបំពេញបេសកកម្មការទូតប្រកបដោយការទទួលខុសត្រូវ និងបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងអំឡុងអាណត្តិការងាររបស់លោក ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។

តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជប៉ុនបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៩ សម្រាប់គម្រោង និងកម្មវិធីចំនួន ២៥ ដែលមានទឹកប្រាក់សរុបប្រមាណ ៣.៥១៥លានដុល្លារអាម៉េរិក។ ក្នុងនោះ មានគម្រោងកំពុងអនុវត្តចំនួន ១២ និងគម្រោងដែលបានបញ្ចប់ចំនួន ១៣។ បន្ថែមពីនេះ កម្ពុជាបានទទួលហិរញ្ញប្បទានពីជប៉ុនសរុប ២៦គម្រោង និងកម្មវិធី ដែលរួមមាន ឥណទានសម្បទាន ១៤គម្រោង និង ហិរញ្ញប្បទានឥតសំណង ១២គម្រោង មានទឹកប្រាក់សរុបប្រមាណ ១.៦៥២លានដុល្លារអាម៉េរិក។

ក្រៅពីការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា ក៏រំពឹងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើវិស័យសំខាន់ៗជាច្រើន រួមមានការវិនិយោគពីវិស័យឯកជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ភស្តុភារកម្ម (Logistics) សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការពង្រឹងជំនាញទន់ (Soft Skills) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

ដោយ៖khmerhome