Register Already an agent ? Login

កម្ពុជាបើកពិព័រណ៍ឧស្សាហកម្មលើកទី១ នាំយករោងចក្រ-សហគ្រាសផលិតកម្ម ១៦២ក្រុមហ៊ុន ក្នុងនោះមកពីចិន ៣៦ និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាមាន ១១៨ ដែលមានស្តង់តាំងបង្ហាញជិត ២០០ស្តង់

ភ្នំពេញ៖ កម្ពុជាបើក «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មលើកទី១ បាននាំយករោងចក្រ-សហគ្រាសផលិតកម្មចំនួន ១៦២ក្រុមហ៊ុន ក្នុងនោះមកពីប្រទេសចិនចំនួន ៣៦ក្រុមហ៊ុន ខណៈក្រុមហ៊ុនវិនិយោគនៅប្រទេសកម្ពុជាមានចំនួន ១១៨ក្រុមហ៊ុន ដែលមានស្តង់តាំងបង្ហាញផលិតផលឧស្សាហកម្ម និងបច្ចេកវិទ្យា ក្នុងខ្សែច្រវាក់ផលិតកម្មសរុបចំនួន ១៩៩ស្តង់។

ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើក «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ថ្លែងបន្តថា ព្រឹត្តការណ៍ពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦ ដែលសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានរៀបចំឡើងជាលើកទី១នេះ។ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគម ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ក្នុងគោលដៅជំរុញលើកកម្ពស់ឧស្សាហូបនីយកម្ម ទាក់ទាញការវិនិយោគថ្មីៗ និងភ្ជាប់អ្នកវិនិយោគ រោងចក្រ សហគ្រាស អ្នកផ្គត់ផ្គង់ បណ្តាញធុរកិច្ច និងនវានុវត្តន៍ករ ដោយពង្រឹងភាពជាដៃគូ និងរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មលើកនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ ការភ្ជាប់បណ្តាញធុរកិច្ច និងការបើកទូលាយឱកាសវិនិយោគថ្មីៗ ដែលនឹងរួមចំណែកជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងពិភពលោកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏មានកម្មវិធីផ្គូផ្គងធុរកិច្ច (B2B) ដែលផ្តល់ឱកាសឱ្យម្ចាស់រោងចក្រ-សហគ្រាសផលិតកម្ម និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម បង្កើតទំនាក់ទំនង និងភាពជាដៃគូជាមួយរោងចក្រ-សហគ្រាស ក្នុងវិស័យកម្មន្តសាលក្នុងស្រុក។ កិច្ចសហការនេះនឹងជួយពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់រោងចក្រ និងសហគ្រាសដែលកំពុងវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ទាំងរាជរដ្ឋាភិបាល វិស័យឯកជន វិនិយោគិន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈភាពជាដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នា យើងនឹងអាចកសាងខឿនឧស្សាហកម្មកម្ពុជាដែលកាន់តែមានភាពប្រកួតប្រជែង ភាពធន់ នវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈព្រឹត្តការណ៍លើកដំបូងនេះ នឹងទទួលបានជោគជ័យ និងក្លាយជាចំណុចចាប់ផ្តើមនៃភាពជាដៃគូថ្មីៗ ការវិនិយោគថ្មីៗ និងកិច្ចសហការរយៈពេលវែង ដែលនាំមកនូវការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតខ្សែច្រវាក់តម្លៃកាន់តែរឹងមាំ។

លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា លើកឡើងថា សមាគមបានកសាងបណ្តាញសេវាកម្មគ្របដណ្តប់ទូទាំងប្រទេសយ៉ាងរឹងមាំ ដោយបានបង្កើតការិយាល័យជំរុញវិនិយោគនៅតាមទីក្រុងសំខាន់ៗរបស់ប្រទេសចិន រួមមាន ខេត្តក្វាងទុង ទីក្រុងសិនជិន សៀងហៃ ប៉េកាំង ឆុងឈីង ធានជីន ស៊ីអាន និងខេត្តសានទុង។ ដោយអញ្ជើញសហគ្រាសផលិតជិត ១០០សហគ្រាសជារៀងរាល់ខែ និងបានបង្កើតកិច្ចសហប្រតិបត្តិ ការយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចជាង ៨០ស្ថាប័ន ដើម្បីជួយឱ្យសហគ្រាសដែលមានបំណងវិនិយោគនៅក្រៅប្រទេសយល់ច្បាស់ពីគោលនយោបាយ និងអាចអនុវត្តគម្រោងបានយ៉ាងមានប្រសិទ្ធភាព។

លោក Lee Allen បានបន្តថា យើងប្តេជ្ញាកសាង «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មកម្ពុជា» ឱ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានគុណភាព និងជាម៉ាកសញ្ញាដ៏លេចធ្លោមួយ ដែលអាចបន្តអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង។ ថ្ងៃនេះមិនមែនគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តមួយផងដែរ។ នៅក្នុងពេលអនាគត យើងមានគោលបំណងរៀបចំមហាសន្និបាតនេះ ឱ្យកាន់តែមានទំហំធំឡើង មានគុណភាពខ្ពស់ជាងមុន និងមានឥទ្ធិពលកាន់តែទូលំទូលាយ ដើម្បីសម្រេចបាននូវការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឱ្យមហាសន្និបាតនេះកាន់តែល្អប្រសើរជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា យើងនឹងបន្តពង្រឹងគុណភាពសេវាកម្ម កែលម្អយន្តការគាំទ្រដល់ការអនុវត្តគម្រោងវិនិយោគ និងជំរុញឱ្យមហាសន្និបាតនីមួយៗក្លាយជាស្នាដៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងជាកម្លាំងដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិ។

លោកស្រី ហ្គាន់ វៃ (Mr. Guan Wei) តំណាងស្ថានទូតសារធារណរដ្ឋប្រជាមានចិនប្រចាំកម្ពុជា ថ្លែងថា ក្រោមមាគ៌ានៃ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បាន ពង្រីកពីផលិតផលកសិកម្ម និងឧស្សាហកម្មស្រាលបែបប្រពៃណី ទៅកាន់វិស័យឧបករណ៍អេឡិចត្រូមេកានិច ថាមពលកកើតឡើងវិញ និងវិស័យផ្សេងៗជាច្រើន។

លោកស្រីបានបន្តថា ផ្នែកវិនិយោគវិញ សហគ្រាសចិន បានចូលរួមយ៉ាងស៊ីជម្រៅក្នុងដំណើរការឧស្សាហូបនីយកម្មរបស់កម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន បណ្តាញអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ដែលវិនិយោគ និងសាងសង់ដោយសហគ្រាសចិន បានជួយបើកចំហសរសៃឈាមសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍតំបន់ និងដោះស្រាយបញ្ហារហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់ជាឧបសគ្គដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។

លោកស្រីគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ ការរៀបចំ «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម» លើកទី១ នាពេលនេះ គឺស្របពេលវេលា និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ នេះមិនត្រឹមតែជាវេទិកាសំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលឧស្សាហកម្ម និងចែករំលែកទិសដៅអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអនុវត្តថ្មីមួយក្នុងការកសាងវេទិកាតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជា និងចិនផងដែរ។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសនៃប្រទេសទាំងពីរ នឹងចាប់យកឱកាសនេះដើម្បីពង្រឹងការតភ្ជាប់ស្វែងរកឱកាសអាជីវកម្មតាមរយៈការផ្លាស់ប្តូរ និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងរួមគ្នាសរសេរជំពូកថ្មី នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជា និងចិន៕

អត្ថបទ៖khmerhome