ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្លែងថា ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១៨២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៤ពាន់លានដុល្លារអាម៉េរិក ខណៈដែលត្រូវបានរំពឹងថា នឹងបង្កើតឱកាសការងារជាង ១២ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា នាពេលថ្មីៗនេះ CDC បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់កម្ពុជា នៅប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសចិន ហើយនឹងបន្តរៀបចំនៅប្រទេសផ្សេងៗទៀត ដើម្បីពង្រីកការទាក់ទាញវិនិយោគិនអន្តរជាតិមកកម្ពុជា។ ក្រៅពីសកម្មភាពផ្សព្វផ្សាយនៅក្រៅប្រទេស ឯកឧត្តមឧបនាករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាលើឱកាសវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លើសពីនេះទៀត កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ សារព័ត៌មានអន្តរជាតិដ៏ល្បី Bloomberg នឹងធ្វើការផ្សាយផ្ទាល់ពីរាជធានីភ្នំពេញ រយៈពេលជាង ៣ម៉ោង ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នឹងផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិនេះផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ការផ្សាយផ្ទាល់របស់ Bloomberg នឹងជួយលើកកម្ពស់មុខមាត់ និងភាពទាក់ទាញរបស់កម្ពុជា ចំពោះវិនិយោគិនអន្តរជាតិ ដោយសារកម្ពុជាមានច្បាប់វិនិយោគប្រកបដោយការប្រកួតប្រជែង មានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងមានកម្លាំងពលកម្មវ័យក្មេងច្រើនជាងគេក្នុងតំបន់អាស៊ាន។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បានជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះ និងរូបភាពរបស់កម្ពុជា ដែលអាចប៉ះពាល់ដល់ការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេស។ ដូច្នេះរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសប្រភេទនេះ ព្រោះមិនត្រឹមតែមិនផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិត្តិយស និងភាពជឿជាក់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៣០គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៤ម៉ឺនកន្លែង៕
ដោយ៖khmerhome