ភ្នំពេញ៖ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រី ឈានមុខប្រមាណ ១៣៥ រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសជាសមាជិកអាស៊ាន បានជួបជុំគ្នា ក្នុង “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២” ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ផ្តោតលើការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការដោះស្រាយឧបសគ្គសំខាន់ៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងក្នុងសុន្ទរថាតាមប្រព័ន្ធវីដេអូអនឡាញ ឯកឧត្តមសាស្ត្រាចារ្យ Umesh Waghmare លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌា បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងឥណ្ឌា និងអាស៊ាន មានប្រវត្តិដ៏យូរអង្វែង ព្រមទាំងបានគូសរំលេចពីសារសំខាន់នៃការកសាងប្រព័ន្ធនវានុវត្តន៍ប្រកបដោយបរិយាបន្នសម្រាប់តំបន់។
ឯកឧត្តមសាស្ត្រាចារ្យ Waghmare បានលើកឡើងថា អ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករ និងសហគ្រិនស្ត្រី កំពុងរួមចំណែកយ៉ាសំខាន់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប៉ុន្តែពួកគេនៅបន្តប្រឈមនឹងបញ្ហាដែលទាមទារឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងពីស្ថាប័ន បណ្តាញវិជ្ជាជីវៈ និងការផ្តល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។
ឯកឧត្តម Souksavath Sihapanya អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្វេកវិទ្យា និងនវានុវត្តន៍ អាស៊ាន (ASEAN COSTI) បានសង្កត់ធ្ងន់ថា សន្និសីទនេះគាំទ្រដល់ការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣០ ដោយលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រព័ន្ធនវានុវត្តន៍តំបន់។
ឯកឧត្តម Sihapanya បានលើកឡើងថា សន្និសីទនេះផ្តល់ឱកាសពិសេសសម្រាប់បង្កើនសំឡេងរបស់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករស្ត្រី។ ភាពជាអ្នកដឹកនាំរបស់ពួកគេមានសារសំខាន់ណាស់ក្នុងការធានាថា សហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់យើង មានបរិយាបន្ន ភាពចម្រុះ និងឥទ្ធិពលវិជ្ជមាន។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យនេះជាសសរស្តម្ភគន្លឹះ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ ដែលរួមមានគោលដៅសម្រេចឱ្យបាននិស្សិតដែលបញ្ចប់ការសិក្សាផ្នែក STEM ជាស្ត្រី យ៉ាងហោចណាស់ ៥០% ។
ឯកឧត្តម ញឹម ខេមរា បានលើកឡើងថា ប្រទេសជាតិមួយមិនអាចបង្កើតនវានុវត្តន៍អស់សក្តានុពល ដោយមិនប្រើធនធានមានទេពកោសល្យ ជាពិសេសស្ត្រីបានទេ។ យើងត្រូវតែផ្តល់អំណាចដល់ស្ត្រីឱ្យក្លាយជាកម្លាំងចលករដ៏សកម្មក្នុងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ ដោយធ្វើយ៉ាងណាឱ្យពួកគេក្លាយជាអ្នកដឹកនាំ នវានុវត្តន៍ករ និងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។
ទោះបីអ្នកវិទ្យាសាស្ត្រស្ត្រី បាននិងកំពុងរួមចំណែកជាទស្សនវិស័យ ភាពច្នៃប្រឌិត និងជំនាញដ៏មានតម្លៃ សម្រាប់ពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍ ពួកគេនៅមានចំនួនតិចតួចនៅឡើយក្នុងវិស័យវិទ្យាសាស្ត្រកម្រិតខ្ពស់ និងតួនាទីជាអ្នកដឹកនាំ។ សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ មានគោលបំណងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រីកបណ្តាញវិជ្ជាជីវៈ និងជំរុញឱ្យស្ត្រីកាន់តែច្រើនក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សន្និសីទរយៈពេល ៣ថ្ងៃនេះ មានកម្មវិធីអមជាច្រើន ដូចជា កិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។ ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងរួមចំណែកពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផលដែលអាចធ្វើពាណិជ្ជកម្មបាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម៕
ដោយ៖khmerhome