Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ ក្នុងរយៈពេល ៥ឆ្នាំ កម្ពុជាប្រមូលចំណូលបានប្រមាណ ៦០០លានដុល្លារ ពីអាជីវកម្មខ្សាច់នាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណ ៦០០លានដុល្លារអាម៉េរិក ពីអាជីវកម្មនាំចេញខ្សាច់ទៅក្រៅប្រទេស តាមរយៈការប្រមូលសួយសារ ពន្ធដារ និងអាករនាំចេញ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា គិតមកដល់បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់សរុបចំនួន ៩៣អាជ្ញាប័ណ្ណ នៅទូទាំងប្រទេស។ ទីតាំងអាជីវកម្មទាំងនេះ ស្ថិតនៅតាមដងទន្លេ ស្ទឹង និងព្រែក ក្នុងខេត្តមួយចំនួន ដូចជា កំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង។

ក្នុងចំណោមអាជ្ញាប័ណ្ណទាំង ៩៣នោះ មាន ៧៦អាជ្ញាប័ណ្ណកំពុងដំណើរការ ក្នុងនោះ ៦៧អាជ្ញាប័ណ្ណ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ៩អាជ្ញាប័ណ្ណ សម្រាប់នាំចេញទៅទីផ្សារបរទេស។ ចំណែក ១៧អាជ្ញាប័ណ្ណផ្សេងទៀត ត្រូវបានផ្អាក ឬព្យួរជាបណ្តោះអាសន្ន ដោយសារបញ្ហាប្រឈមផ្នែកអាជីវកម្ម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ក្រសួងអនុវត្តគោលការណ៍ផ្តល់អាជ្ញាប័ណ្ណតែនៅតំបន់ដែលមានការកកកុញខ្សាច់ច្រើនប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់ចរាចរណ៍ផ្លូវទឹក និងលំហូរទឹក ហើយមិនបង្កឱ្យមានការបាក់ច្រាំងទន្លេឡើយ។ តំបន់អាទិភាពសម្រាប់ការបូមខ្សាច់ រួមមាន តំបន់រកាកោង ខេត្តកណ្តាល តំបន់មួយចំនួនក្នុងខេត្តព្រៃវែង កោះប៉ែន ខេត្តកំពង់ចាម តំបន់ខាងខេត្តក្រចេះ និងតំបន់មួយចំនួនតាមដងទន្លេបាសាក់។

ឯកឧត្តមបានបន្ថែមថា នៅពេលខាងមុខ ក្រសួងនឹងបន្តវាយតម្លៃតម្រូវការជាក់ស្តែង មុននឹងសម្រេចចេញអាជ្ញាប័ណ្ណថ្មី។ ប្រសិនបើចំនួនអាជ្ញាប័ណ្ណដែលមានស្រាប់ អាចបំពេញតម្រូវការខ្សាច់ក្នុងស្រុកបានគ្រប់គ្រាន់ នោះក្រសួងនឹងមិនចេញអាជ្ញាប័ណ្ណបន្ថែមឡើយ។ ប៉ុន្តែសម្រាប់តំបន់ដាច់ស្រយាល ដែលមិនទាន់មានប្រតិបត្តិករអាជីវកម្ម ដូចជាតំបន់ចន្លោះពីកោះប៉ែនទៅក្រចេះ ប្រសិនបើមានការស្នើសុំ និងបំពេញលក្ខខណ្ឌតាមច្បាប់ ក្រសួងនឹងពិចារណាផ្តល់អាជ្ញាប័ណ្ណ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោក។

ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន ឯកឧត្តមបានទទួលស្គាល់ថា ការបូមខ្សាច់ខុសច្បាប់ ពិតជាអាចបណ្តាលឱ្យបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់បរិស្ថាន។ ទោះជាយ៉ាងណា ការបូមខ្សាច់ស្របច្បាប់ ដែលមានអាជ្ញាប័ណ្ណ និងអនុវត្តតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង មិនបង្កឱ្យមានការបាក់ច្រាំង ឬប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ វាអាចជួយរក្សាលំហូរទឹក ការពារការកកស្ទះដីល្បាប់ និងរួមចំណែកដល់សុវត្ថិភាពផ្លូវទឹក។ឯកឧត្តមបានគូសបញ្ជាក់ថា អាជីវកម្មបូមខ្សាច់ស្របច្បាប់ មិនត្រឹមតែរួមចំណែកបង្កើនចំណូលថវិការដ្ឋ តាមរយៈសួយសារ ពន្ធ និងអាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ និងធនធានរ៉ែទាំងអស់ ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្នុងករណីក្រុមហ៊ុនណាមួយប្រព្រឹត្តល្មើស ឬមិនគោរពលក្ខខណ្ឌអាជ្ញាប័ណ្ណ ក្រសួងនឹងចាត់វិធានការដកហូតអាជ្ញាប័ណ្ណជាបន្ទាន់។

ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត ឬក្រសួងរ៉ែ និងថាមពល ដោយរាយការណ៍រាល់សកម្មភាពដែលសង្ស័យថាជាការបូមខ្សាច់ ឬធ្វើអាជីវកម្មធនធានរ៉ែខុសច្បាប់ ប៉ុន្តែសូមជៀសវាងការប្រើប្រាស់អំពើហិង្សា និងទុកឱ្យសមត្ថកិច្ចអនុវត្តវិធានការតាមផ្លូវច្បាប់ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព៕

ដោយ៖khmerhome