ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា (SERC) បានបង្ហាញសុទិដ្ឋិនិយមថា នៅដំណាច់ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា (CSX) នឹងអាចកៀរគរដើមទុនសរុបពីការបោះផ្សាយមូលបត្ររបស់ក្រុមហ៊ុនចុះបញ្ជី កើនដល់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នទីផ្សារមូលបត្រកម្ពុជាបានប្រមូលដើមទុនសរុបជាង ៧០០លានដុល្លារអាម៉េរិករួចមកហើយ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថ្លែងក្នុងពិធីរ៉ូដសូ (Roadshow) សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាសរុបប្រមាណជិត ៣០ក្រុមហ៊ុន រួមមានក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល ដែលបានកៀរគរដើមទុនសរុបជាង ៧០០លានដុល្លារអាម៉េរិក។
ឯកឧត្តមបានបញ្ជាក់ថា សន្ទុះនៃការចូលរួមរបស់វិស័យឯកជនក្នុងទីផ្សារមូលបត្រកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនធំៗជាច្រើនកំពុងសិក្សា និងរៀបចំផែនការបោះផ្សាយមូលបត្រដើម្បីកៀរគរទុនសម្រាប់ពង្រីកអាជីវកម្ម។ឯកឧត្តមរំពឹងថា នៅដំណាច់ឆ្នាំ២០២៦ ទំហំដើមទុនដែលកៀរគរតាមរយៈទីផ្សារមូលបត្រកម្ពុជា នឹងកើនដល់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក។ ការកើនឡើងនេះ គាំទ្រដោយគម្រោងបោះផ្សាយភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងទំហំប្រមាណ ១០លានដុល្លារអាម៉េរិក ការបោះផ្សាយមូលបត្របំណុលសាជីវកម្មនិរន្តរភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងទំហំប្រមាណ ៥០លានដុល្លារអាម៉េរិក ព្រមទាំងគម្រោងបោះផ្សាយមូលបត្របំណុលរបស់ធនាគារធំមួយចំនួន ១០០លានដុល្លារអាម៉េរិក និងក្រុមហ៊ុនឯកជនធំមួយទៀត ដែលមានទំហំសរុប ១៥០លានដុល្លារអាម៉េរិក។
បើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ផ្សារមូលបត្រកម្ពុជា កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការក្លាយជាច្រកហិរញ្ញប្បទានជំនួសសម្រាប់វិស័យឯកជន និងសហគ្រាសសាធារណៈ ដែលមានបំណងកៀរគរទុនសម្រាប់ពង្រីកអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងពង្រឹងអភិបាលកិច្ចសាជីវកម្ម។
ឯកឧត្តមបានបន្តថា ផ្សារមូលបត្រកម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ផលិតផលទាំងនេះនឹងជួយពង្រីកជម្រើសវិនិយោគ ធ្វើឱ្យទីផ្សារកាន់តែសម្បូរបែប និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ ទោះបីសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជា នៅបន្តប្រឈមនឹងបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែទីផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមាន។ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ តម្លៃភាគហ៊ុនជាមធ្យមនៅលើទីផ្សារបានកើនឡើងជិត ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តមបានលើកឡើងថា ផ្សារមូលបត្រជាវិស័យមួយដែលអាចផ្តល់ឱកាសដល់វិនិយោគិនក្នុងការបង្កើនប្រាក់ចំណូល និងធ្វើពិពិធកម្មការវិនិយោគ ទោះបីស្ថិតក្នុងបរិបទសេដ្ឋកិច្ចដែលមានការប្រែប្រួលក៏ដោយ។ ដោយឡែក ទាក់ទងនឹងសកម្មភាពជួញដូរ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ទំហំជួញដូរនៅលើទីផ្សារមានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានជាង ២០ម៉ឺនដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបន្តកើនឡើងដល់កម្រិតប្រហាក់ប្រហែលឆ្នាំ២០២២ ដែលមានទំហំជួញដូរជាមធ្យមប្រមាណ ៥០ម៉ឺនដុល្លារអាម៉េរិកក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២៧ខាងមុខ។ ជាមួយនឹងការរីកចម្រើននេះ ចំនួនគណនីជួញដូរមូលបត្រក៏កំពុងកើនឡើងផងដែរ។
សូមជម្រាបថា បច្ចុប្បន្នមានគណនីជួញដូរសរុបប្រមាណ ៨ម៉ឺនគណនី ហើយរំពឹងថា នឹងកើនដល់ ១០ម៉ឺនគណនី នៅដំណាច់ឆ្នាំ២០២៦ ដែលជាសញ្ញាបង្ហាញពីការកើនឡើងនៃការយល់ដឹង និងការចូលរួមរបស់សាធារណជនក្នុងវិស័យវិនិយោគតាមរយៈផ្សារមូលបត្រកម្ពុជា៕
ដោយ៖khmerhome