តាកែវ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ សហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើផលិតផលប្រហិត ដែលត្រូវបានឃាត់ទុកនៅច្រកទ្វារអន្តរជាតិភ្នំដិន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យប្រហិតហតដកចំនួន ១៤បាវ ស្មើនឹង ៤៣៤គីឡូក្រាម និងប្រហិតសាច់ក្តាមចំនួន ៥កេស ស្មើនឹង ៥០គីឡូក្រាម សរុបទម្ងន់ ៤៨៤គីឡូក្រាម។ ជាលទ្ធផល ក្រុមមន្ត្រីជំនាញបានរកឃើញថា ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនដោយមិនគោរពតាមលក្ខណៈបច្ចេកទេស និងស្តង់ដារអនាម័យ ដែលបណ្តាលឱ្យខូចគុណភាព។
លើសពីនេះ ទំនិញទាំងអស់ក៏មិនមានឯកសារបញ្ជាក់ប្រភពដើម និងភាពស្របច្បាប់ផងដែរ។ ក្រោយទទួលបានការឯកភាពពីសមត្ថកិច្ចចម្រុះទំនិញសរុបទម្ងន់ ៤៨៤គីឡូក្រាម ត្រូវបានដកហូត និងដុតកម្ទេចចោលភ្លាមៗ ស្របតាមនីតិវិធីច្បាប់ ក្នុងគោលបំណងទប់ស្កាត់ការចរាចរទំនិញគ្មានគុណភាពនៅលើទីផ្សារ និងការពារសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕
ដោយ៖khmerhome