Register Already an agent ? Login

កម្ពុជានឹងរៀបពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ ជាលើកដំបូងរយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជួយពង្រីកទីផ្សារសម្រាប់សហគ្រិនកម្ពុជាឱ្យរឹងមាំ

ភ្នំពេញ៖ កម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៧ ១៨ និង១៩ ខែកក្កដា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង»  ដែលជាវេទិកាធំបំផុតប្រចាំឆ្នាំ សម្រាប់បង្ហាញរសជាតិនិងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ ហើយពិព័រណ៍អាហារខ្មែរនេះថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីកទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។

លោក ទេព សុផារ៉ា ប្រធានប្រតិបត្តិពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា បានប​ញ្ជាក់ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅសាលពិព័រណ៍កោះពេជ្រនេះ ហើយនឹងបើកឱ្យមហាជនចូលរួមបានដោយសេរី ក្នុងនោះដែរសម្រាប់សហគ្រិន និងម្ចាស់ភោជនីយដ្ឋានទាំងអស់ ដែលចង់តាំងបង្ហាញផលិតផល និងម្ហូបអាហាររបស់ខ្លួន អាចជួលបានជាស្តង់ៗនីមួយៗ ដែលបានកំណត់តម្លៃទីតាំងផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជាឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ក្រោមវត្តមានលោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, មេចុងភៅលោក លូ ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Almond Hospitality, លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន CEO និងមានមេចុងភៅ និងបណ្តាសហគ្រិនជាច្រើនរូបទៀត។

លោកបណ្ឌិត អោម សេងបូរ៉ា បានបញ្ជាក់ឱ្យដឹងដែរថា សហគ្រិន និងម្ចាស់ភៅជនីយដ្ឋាន ដែលបានជួលស្តង់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជាឆ្នាំ២០២៦ គឺតម្រូវឱ្យរៀបចំខ្លួនឱ្យបានរួចរាល់ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរៀបចំស្តង់ និងត្រូវមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការរៀបទំនិញរបស់ខ្លួនប្រកបដោយគុណភាព អនាម័យខ្ពស់ ដើម្បីរួមចំណែកលើកម្ពស់ផលិតផល និងអាហារខ្មែរ។

លោកបណ្ឌិត អោម សេងបូរ៉ា បានបន្ថែមថា តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរួមចំណែកជួយដល់វិស័យម្ហូបអាហារខ្មែរបានយ៉ាងច្រើន ពីព្រោះយើងបានបំផុសស្មារតី និងទឹកចិត្តឱ្យមើលឃើញថា ពិភពលោកគឺជាទីផ្សារ ដែលយើងមិនមែនត្រឹមតែ​មើលឃើញទីផ្សារក្នុងស្រុកប៉ុណ្ណោះនោះទេ ហើយយើងក៏មិនធ្វើការប្រកួតប្រជែងគ្នាឯងនោះទេ គឺយើងនឹងបំផុសស្មារតី និងទស្សនវិស័យឱ្យសហគ្រិន និងភោជនីយដ្ឋានទាំងអស់យកពិភពលោកជាទីផ្សាររបស់ខ្លួន។

លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ គឺពិតជាពិព័រណ៍ល្អសម្រាប់ជួយលើកម្ពស់ផលិតផល និងម្ហូបអាហារខ្មែរ តែយ៉ាងណានោះ គឺធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមស្តង់ដារ, ក្នុងនាមជាអ្នករៀបចំស្តង់ដារជាតិលើវិស័យម្ហូបអាហារនេះ សូមស្នើឱ្យគ្រប់ផលិតផល និងម្ហូបអាហារដែលបានចូលរួមក្នុងពិព័រណ៍ ធ្វើយ៉ាងណាសូឱ្យមានភាពត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់ ដើម្បីរួមចំណែកលើកកម្ពស់ផលិតផលខ្មែរ។

សូមជម្រាប ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃពេញ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះរួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន ការប្រកួតប្រជែងអាជីវកម្មអាហារ និងកម្មវិធីវប្បធម៌ និងសិល្បៈខ្មែរ។ នេះជាឱកាសមាសសម្រាប់អ្នកដែលចង់បង្ហាញម៉ាកផលិតផលទៅកាន់អតិថិជនរាប់ម៉ឺននាក់, បង្កើនការលក់ និងបណ្តាញអាជីវកម្ម និងពង្រីកទីផ្សារក្នុង និងក្រៅប្រទេស អាចចូលរួមបានផងដែរ៕

អត្ថបទ៖khmerhome