Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីនៅកំពង់ធំ ដើម្បីជំរុញការកែច្នៃ និងបង្កើនតម្លៃបន្ថែម

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

តាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឯកទេសគំរូមួយសម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ចាប់ពីដំណាក់កាលដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការសម្ងួត ការកែច្នៃ រហូតដល់ការនាំចេញផលិតផលសម្រេច ដើម្បីបង្កើនភាពប្រកួតប្រជែង និងតម្លៃបន្ថែមសម្រាប់ផលិតផលកម្ពុជា។

យោងតាមទិន្នន័យនាំចេញក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៨៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ (ជាពិសេសប្រទេសវៀតណាម) ដោយទទួលបានចំណូលប្រមាណ ១,៤៤ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ម៉ឺនហិកតា ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅដ៏សំខាន់មួយនៅលើពិភពលោក។ ទោះជាយ៉ាងណា ភាគច្រើននៃផលិតផលនៅតែត្រូវបាននាំចេញជាវត្ថុធាតុដើមមិនទាន់កែច្នៃ ដែលធ្វើឱ្យបាត់បង់ឱកាសបង្កើតតម្លៃបន្ថែមនៅក្នុងស្រុក។

បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសវៀតណាម ចិន និងឥណ្ឌា ខណៈផលិតផលស្វាយចន្ទីកែច្នៃត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗ ដូចជា ជប៉ុន សហភាពអឺរ៉ុប អូស្ត្រាលី សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា។

សូមជម្រាបថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញការកែច្នៃក្នុងស្រុក បង្កើនសមត្ថភាពនាំចេញផលិតផលសម្រេច និងរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផលិត និងកែច្នៃស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងពិភពលោកនាពេលអនាគត៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026