Register Already an agent ? Login

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាពនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ កសិកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដែលរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការសឹករេចរិលបរិស្ថាន និងស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់​នឹងអាកាសធាតុ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញដោយលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្តមានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគម ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសផ្សេងទៀត។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ ARDB នឹងសហការគ្នាលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមទាំងនេះរួមមាន៖

លើកកម្ពស់ហិរញ្ញប្បទានបៃតង និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ, សម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់, រៀបចំសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ការគ្រប់គ្រងហានិភ័យអាកាសធាតុ និងកាលានុវត្តក្នុងការអនុវត្តហិរញ្ញវត្ថុបៃតង, គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគមន៍កសិកម្ម និងកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ, រួមចំណែកដល់យុទ្ធសាស្រ្តជាតិស្តីពីអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់កម្ពុជា និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងការប្រែប្រួលអាកាសធាតុ។

ក្រោមអនុស្សរណៈនៃការយោគយល់នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការកៀរគរឱ្យមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន ព្រមទាំងសម្របសម្រួលការប្រមូលទិន្នន័យ និងការរាយការណ៍នៅកម្រិតវិស័យ និងរៀបចំសកម្មភាពកសាងសមត្ថភាព ដើម្បីពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីហិរញ្ញវត្ថុបៃតង។ សមាគម ក៏នឹងគាំទ្រឱ្យមានការផ្សព្វផ្សាយគោលការណ៍ណែនាំ និងស្តង់ដារហិរញ្ញប្បទានបៃតង ព្រមទាំងជួយសម្របសម្រួលផ្សព្វផ្សាយអំពីយន្តការហិរញ្ញប្បទានពាក់ព័ន្ធនានារបស់ធនាគារ ARDB ដល់ ភាគីពាក់ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមទាំងសមាគមបណ្តាញកសិករតេជោផងដែរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជារបត់ដ៏សំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការបន្ស៊ីកិច្ចខិតខំប្រឹងប្រែងរបស់យើងទៅនឹងអាទិភាពអាកាសធាតុថ្នាក់ជាតិ យើងបាននិងកំពុងពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់យើងពាក់ព័ន្ធនឹង ESG និងក្នុងការគ្រប់គ្រងហានិភ័យអាកាសធាតុ ព្រមទាំងជួយត្រួសត្រាយផ្លូវហិរញ្ញប្បទានបៃតង ដែលកំពុងត្រូវការជាចាំបាច់ទៅកាន់សហគ្រាសធុនមីក្រូ តូច និងធម្យម និងគម្រោងនានាដែលមានចីរភាព ដែលគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចបៃតង និងភាពធន់របស់កម្ពុជា។

ធនាគារ ARDB នឹងចូលរួមគាំទ្រក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងការគាំទ្រផ្សេងទៀត ព្រមទាំងការចែករំលែកផ្នែកបច្ចេកទេសលើវិស័យបៃតង។ ធនាគារ ARDB ក៏នឹងជួយក្នុងការផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម, កសិឧស្សាហកម្ម សហគមន៍កសិកម្ម និងប្រជាកសិករ ព្រមទាំងចូលរួមគាំទ្រដល់យន្តការចែករំលែកហានិភ័យ ការតាមដាន និងការវាយតម្លៃផងដែរ។

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍ថា វិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា តម្រូវឱ្យមានយន្តការហិរញ្ញប្បទានដ៏រឹងមាំ និងមានចីរភាព ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយធនាគារ ARDB នឹងបន្តគាំទ្រការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព និងចីរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ យើងមានគោលបំណងកៀរគរឥណទានបៃតង បំពេញគម្លាតផ្នែកហិរញ្ញប្បទាន និងគាំទ្រកសិករ និងសហគ្រាសជនបទក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការអនុវត្តដែលមានចីរភាពបរិស្ថានជាងមុន។

តាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរចំណេះដឹង ទិន្នន័យ និងបទពិសោធន៍ប្រតិបត្តិការពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងគោរពសិទ្ធិស្ថាប័ន រក្សាការសម្ងាត់ និងគោលការណ៍ផ្សព្វផ្សាយម៉ាកយីហោរបស់គ្នាទៅវិញទៅមក៕

ដោយ៖khmerhome