Register Already an agent ? Login

ឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន​៖ សម្រាប់ឆ្នាំ២០២៧-ឆ្នាំ២០២៨ និងឆ្នាំ២០២៩ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងវិញជាលំដាប់ៗក្នុងអត្រាប្រមាណ ៥% និង ៥,៥%

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន​ ថ្លែងថា សម្រាប់ឆ្នាំ២០២៧ និងក្នុងរយៈពេលមធ្យមខាងមុខឆ្នាំ២០២៨ និងឆ្នាំ២០២៩ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងវិញជាលំដាប់ៗ ក្នុងអត្រាប្រមាណ ៥ និង ៥,៥ ភាគរយរៀងគ្នា ក្រោមការរំពឹងទុកនៃការបន្តរក្សាបាននូវចលនការកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ។

ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នាអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីស្តាប់នូវការអភិវឌ្ឍថ្មីៗ សំខាន់ៗ នៃច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ទាំងក្នុងក្របខ័ណ្ឌនៃវិស័យល្បែងពាណិជ្ជកម្ម និងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ ជាពិសេសក្នុងក្របខ័ណ្ឌនៃការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន​ ថ្លែងបន្តថា វិស័យកសិកម្មក៏ត្រូវបានរំពឹងថា នឹងងើបឡើងវិញជាបណ្តើរៗ ពិសេសអនុវិស័យដំណាំ ដែលត្រូវបានជំរុញដោយវិធានការលើកកម្ពស់ផលិតកម្មក្នុងស្រុកជំនួសឱ្យការនាំចូល ក្នុងបរិការណ៍ដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ មានសន្ទុះខ្លាំងឡើង ដែលជួយជំរុញដល់ការលើកស្ទួយ និងការឱ្យតម្លៃផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន លើកឡើងថា ការជួបជុំរបស់យើងក្នុងឱកាសនេះ ត្រូវបានរៀបចំឡើងចំពេលដែលពិភពលោកទាំងមូលកំពុងស្ថិតក្នុងស្ថានភាពប្រកបដោយភាពមិនប្រាកដប្រជាកាន់តែខ្ពស់។ ទស្សនវិស័យសេដ្ឋកិច្ចតំបន់និងសកល នៅបន្តត្រូវបានគំរាមកំហែងដោយវិបត្តិ ដូចជាការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុផងដែរ។

ខណៈកម្ពុជាក៏បាន និងកំពុងរងឥទ្ធិពល និងបញ្ហាប្រឈមទាំងនេះ ដោយផ្ទាល់ និងដោយប្រយោលផងដែរ ទន្ទឹមនឹងតម្រូវការចាំបាច់នៃការបន្តកិច្ចខិតខំប្រឹងប្រែង មុះមុត ឥតថយក្រោយ សំដៅជំនះ នូវឧបសគ្គជាច្រើនផ្សេងទៀត ផ្ទៃក្នុងប្រទេស។ សម្ពាធទាំងខាងក្នុង និងខាងក្រៅទាំងអស់នេះ បាន និងកំពុងជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់រាជរដ្ឋាភិបាល ក្នុងការបន្ត ខិតខំអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន បានបន្តថា ទោះជាយ៉ាងណាក្ដី សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំជាទូទៅ។

ជាក់ស្តែង ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវបន្តប្រឈមនឹងការគំរាមកំហែង ក៏ដូចជាការរំលោភលើអធិបតេយ្យភាពជាតិ បូរណភាពទឹកដីយ៉ាងណាក្តី ក៏សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ កន្លងទៅ បានសម្រេចបាននូវកំណើន ៥,៣ ភាគរយ ដែលត្រូវបានគាំទ្រដោយកំណើនល្អក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល មិនមែនកម្មន្តសាល វិស័យសំណង់ និងទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន គូសបញ្ជាក់ថា យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ នេះ អាចនឹងមានការថមថយបន្តិចធៀបទៅនឹងកំណើនក្នុងឆ្នាំ២០២៥ ដោយសារការវិវត្តអវិជ្ជមាននៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងជាថ្មីម្តងទៀត ជាពិសេសឥទ្ធិពលអវិជ្ជមាននៃការកើនតម្លៃប្រេងឥន្ធនៈមកលើវិស័យដែលពឹងផ្អែកលើប្រេងជាវត្ថុធាតុដើម ដូចជា វិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ គួបផ្សំនឹងការកើនឡើងនូវសម្ពាធអតិផរណា ដែលអាចរអាក់រអួលដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ជាទូទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន សង្កត់ធ្ងន់ថា បើតាមការប៉ាន់ស្មានជាបឋមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងរំពឹងថា នៅក្នុងបរិការណ៍នេះសម្រាប់ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានក្នុងអត្រាប្រមាណជា ៤,២ ភាគរយ។ ដូច្នេះបើធៀបជាមួយកំណើន ៥,៣ ភាគរយ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថាថមថយជាងបន្តិច ប៉ុន្តែនៅតែជាកំណើនវិជ្ជមានក្នុងកម្រិតមួយសមរម្យ ដែលបើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងឃើញថា មិនជាអន់ប៉ុន្មានទេ៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026