Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់វិនិយោគកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីមកបណ្ដាក់ទុនវិនិយោគ ក្នុងវិស័យកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងផលិតផលពីឈើនៅកម្ពុជាឱ្យបានច្រើន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម ជាពិសេសការវិយោគលើវិស័យការកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ និងផលិតផលពីឈើនៅកម្ពុជាឱ្យបានច្រើន នាពេលខាងមុខ ខណៈកម្ពុជាបាននិងកំពុងរៀបចំយន្តការអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មផងដែរ។

ការលើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីក្នុងការកែច្នៃកសិ-ឧស្សាហកម្មបែបនេះរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រា្តលី ដឹកនាំដោយលោក Michael Growder លេខាធិការរងទី១ ទទួលបន្ទុកតំបន់អាស៊ីខាងកើត នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។

ឯកឧត្តម ជា វុទ្ធី ក៏បានរំលេចផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី រាប់ចាប់តាំងពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) រហូតដល់កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នាពេលបច្ចុប្បន្ន ដែលបានធ្វើការជាមួយគ្នាលើការងារជាច្រើន ជាពិសេសលើការជំរុញវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ឯកឧត្តមបានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសវឌ្ឍនភាពនិងភាពជោគជ័យនៃការអនុវត្តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនាពេលបច្ចុប្បន្នវិនិយោគិនភាគច្រើនមកពីប្រទេសចិន។

លើសពីនេះ ឯកឧត្តម ជា វុទ្ធី បានបន្តថា កម្ពុជាកំពុងរៀបចំយន្តការដើម្បីអភិវឌ្ឍឧទ្យានកសិ-ឧស្សាហកម្ម ដើម្បីគាំទ្រដល់កំណើននាពេលអនាគត ដោយបានបន្ថែមដោយការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបានសំដៅទៅលើគោលបំណងរបស់អូស្ត្រាលី ក្នុងការលើកទឹកចិត្តលំហូរវិនិយោគរបស់អូស្ត្រាលីចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។

ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងព្យាយាមទាក់ទាញវិនិយោគិនពីប្រទេសផ្សេងៗ តាមរយៈការរៀបចំបេសកកម្មគោះទ្វាវិនិយោគតាមប្រទេសគោលដៅមួយចំនួន។ ទន្ទឹមនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យ និងធ្វើកំណែទម្រង់ស្ថាប័ន សំដៅពង្រឹងមុខងាររបស់ទីភ្នាក់ងារជំរុញវិនិយោគកម្ពុជា ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ម្យ៉ាងទៀត កម្ពុជានឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច ដើម្បីត្រៀមខ្លួនចាប់យកវិនិយោគិនក្នុងឧស្សាហកម្មថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍វិនិយោគិនដែលចង់វិនិយោគនៅទូទាំងខ្សែច្រវាក់តម្លៃកសិកម្មទាំងមូល ចាប់ពីការផលិតនិងការកែច្នៃ រហូតដល់ការវេចខ្ចប់ និងការនាំចេញ ខណៈពេលដែលកំពុងទាញយកអត្ថប្រយោជន៍ពីផលប័ត្រផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ និងមានតម្លៃបន្ថែមចម្រុះរបស់ប្រទេស។ ឯកឧត្តមក៏បានបង្ហាញពីអាទិភាពកសិកម្មរបស់កម្ពុជា ដល់វិនិយោគិនអូស្ត្រាលី ដោយលើកទឹកចិត្តដល់កិច្ចសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានប្រតិបត្តិការល្អ ខ្សែច្រវាក់តម្លៃរួមបញ្ចូលគ្នា ធនធានមនុស្សដែលមានជំនាញ និងប្រព័ន្ធផលិតកម្មស្តង់ដារ។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី បានឈានដល់ជាង ៦០០លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើង ៤,៣៧ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការនាំចូលរបស់កម្ពុជាពីអូស្ត្រាលីបានឈានដល់ ១១៥លានដុល្លារ ដែលកើនឡើងជិត ៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលីបានឈានដល់ជាង ៥០០លានដុល្លារ កើនឡើង ៤,៤៧ភាគរយធៀបនឹងឆ្នាំមុន៕

អត្ថបទ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026