ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា កំពុងឈានចូលដំណាក់កាលដ៏សំខាន់នៃ «ការផ្លាស់ប្តូរយុទ្ធសាស្ត្រ» ខណៈបណ្តាញជើងហោះហើរ និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗនៅអាស៊ី កំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីការហក់ឡើងនៃតម្លៃប្រេងជាសកលដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ Korean Air និង Asiana Airlines ដែលគ្រោងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ នឹងក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្តូររចនាសម្ព័ន្ធអាកាសចរណ៍ដ៏ធំបំផុតមួយនៅអាស៊ី និងមានឥទ្ធិពលដោយផ្ទាល់លើការតភ្ជាប់របស់កម្ពុជា ជាមួយតំបន់អាស៊ីខាងជើង។
ក្រោយការរួមបញ្ចូលគ្នានេះ អាកាសយានដ្ឋានអន្តរជាតិអ៊ិនឈន់ (ICN) របស់កូរ៉េខាងត្បូង នឹងវិវត្តទៅជាមជ្ឈមណ្ឌលដ៏ធំ (SkyTeam Mega-Hub) មួយក្នុងចំណោមមជ្ឈមណ្ឌលអាកាសចរណ៍មានឥទ្ធិពលបំផុតនៅអាស៊ី។ Korean Air នឹងស្រូបយកទាំងស្រុងនូវបណ្តាញជើងហោះហើរ ចំនួនយន្តហោះ ធនធានមនុស្ស និងកិច្ចព្រមព្រៀងកូដរួមរបស់ Asiana Airlines ដែលនឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ របស់ពិភពលោក។
បន្ថែមពីនេះ ក្រុមហ៊ុន Asiana Airlines ដែលធ្លាប់ប្រតិបត្តិការជើងហោះហើរចំនួន ១២ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្រោមសម្ព័ន្ធភាព Star Alliance នឹងផ្លាស់ប្តូរទៅកាន់សម្ព័ន្ធភាព SkyTeam ដែលអាចនាំឱ្យការតភ្ជាប់របស់កម្ពុជាជាមួយបណ្តាញ Star Alliance តាមរយៈអ៊ិនឈន់ថយចុះ។
ជាមួយគ្នានេះ ឯកឧត្តម បានឱ្យដឹងទៀតថា ជើងហោះហើរត្រង់របស់ក្រុមហ៊ុន IndiGo រវាងទីក្រុង Kolkata នៃប្រទេសឥណ្ឌា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងផ្អាកជាបណ្តោះអាសន្នចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិតមួយឆ្នាំ។ ខ្សែផ្លូវនេះមានប្រេកង់ ៦ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) ដោយប្រើយន្តហោះ Airbus A320neo ហើយត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Firefly Airlines របស់ម៉ាឡេស៊ី ដែលបានដំណើរការជើងហោះហើរត្រង់រវាងទីក្រុងកូឡាឡាំពួរ និងសៀមរាប ចំនួន ៦ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្អាកសេវាកម្មជាបណ្តោះអាសន្នកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការផ្អាកខ្សែផ្លូវហោះហើររបស់ក្រុមហ៊ុនទាំងពីរនេះ គឺបណ្តាលមកពីការចំណាយប្រតិបត្តិការខ្ពស់ ស្របពេលតម្លៃប្រេងឥន្ធនៈកើនឡើង ដោយសារភាពតានតឹង និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះត្រូវពិនិត្យ និងរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនឡើងវិញ។
ទន្ទឹមនឹងការផ្លាស់ប្តូរទាំងនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ពីសារៈសំខាន់របស់អាកាសយានដ្ឋានតៃប៉ិតៅយួន (TPE) ក្នុងនាមជាច្រកទ្វារយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនទំនិញ និងបច្ចេកវិទ្យា។ នៅឆ្នាំ២០២៥ អាកាសយានដ្ឋាននេះបានកត់ត្រាបរិមាណដឹកជញ្ជូនទំនិញរហូតដល់ ២,៥លានតោន កើនឡើង ១០,១ភាគរយ ដែលបន្តពង្រឹងតួនាទីជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញឈានមុខគេនៅអាស៊ី។
ឯកឧត្តមបញ្ជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងប្រមាណ ៣៤ភាគរយ នៅឆ្នាំ២០២៦ ហើយភាគច្រើនប្រមូលផ្តុំនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងនោះ តៃវ៉ាន់ជាប្រភពសំខាន់នៃគ្រឿងបង្គុំអេឡិចត្រូនិក វត្ថុធាតុដើម និងផលិតផលបច្ចេកវិទ្យាខ្ពស់ដែលនាំចូលមកកម្ពុជា ដើម្បីបម្រើវិស័យផលិតកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុន EVA Air មានជើងហោះហើរ ៧ជើងក្នុងមួយសប្តាហ៍ និង China Airlines មាន ៥ជើងក្នុងមួយសប្តាហ៍ មកកាន់កម្ពុជា ដែលជួយពង្រឹងបណ្តាញដឹកជញ្ជូនទំនិញតាមសម្ព័ន្ធភាពអាកាសចរណ៍ធំៗ។
ជាមួយគ្នានេះ ក្រុមហ៊ុន FedEx Express ក៏បានប្រើប្រាស់តៃប៉ិ ជាមជ្ឈមណ្ឌលប្រចាំតំបន់ ដែលបង្កើនសក្តានុពលសម្រាប់ការអភិវឌ្ឍសេវាដឹកជញ្ជូនទំនិញបន្ទាន់ និងមានតម្លៃខ្ពស់មកកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការខ្វះខាតជើងហោះហើរត្រង់រវាងសៀមរាប (SAI) និងតៃប៉ិ (TPE) គឺជាការបាត់បង់ឱកាសដ៏ធំសម្រាប់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅខេត្តសៀមរាប។ ហេតុនេះ ការសិក្សាពីសមិទ្ធិលទ្ធភាព សម្រាប់ខ្សែផ្លូវហោះហើររវាងទីក្រុងទាំងពីរនេះ ជាមួយក្រុមហ៊ុន EVA Air ឬ Starlux Airlines ត្រូវតែផ្តួចផ្តើមនាពេលខាងមុខ៕
ដោយ៖khmerhome