Register Already an agent ? Login

វិស័យអង្ករមានសក្តានុពលខ្លាំងជាមួយនឹងផលិតកម្មគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ ប៉ុន្តែបញ្ហាប្រឈមចម្បងនៅតែខ្វះប្រព័ន្ធសម្ងួតស្រូវ និងប្រព័ន្ធស្តុកទុកទ្រង់ទ្រាយធំ

ភ្នំពេញ៖ វិស័យអង្ករមានសក្តានុពលខ្លាំងជាមួយនឹងផលិតកម្មគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ ប៉ុន្តែនៅតែជួបបញ្ហាប្រឈមចម្បងរបស់យើង គឺរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជាច្រើននៅតែខ្វះប្រព័ន្ធសម្ងួតស្រូវទ្រង់ទ្រាយធំនិងប្រព័ន្ធស្តុកទុក ដែលចាំបាច់ក្នុងអំឡុងរដូវប្រមូលផល។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន City Rice Import Export Co Ltd ក្នុងសិក្ខាសាលាស្តីពីការជំរុញការតភ្ជាប់កសិដ្ឋានទៅទីផ្សារសម្រាប់ផលិតផលកម្ពុជា ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ នាពេលថ្មីៗនេះ។

ឧកញ៉ា ឡាយ ឈុនហួរ បានបន្តថា រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជាច្រើននៅតែខ្វះប្រព័ន្ធសម្ងួតស្រូវទ្រង់ទ្រាយធំនិងប្រព័ន្ធស្តុកទុក ដែលចាំបាច់ក្នុងអំឡុងរដូវប្រមូលផល ស្របពេលដែលបញ្ហានេះបណ្ដាលឱ្យមានការខាតបង់ និងធ្វើឱ្យតម្លៃទិញស្រូវពីកសិករមិនមានស្ថិរភាព។ ឧកញ៉ា ឡាយ ឈុនហួរ បានបន្ថែមថា ការគាំទ្រពីរាជរដ្ឋាភិបាលចំពោះការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវទំនើប និងសហគមន៍កសិកម្មមានសារៈសំខាន់ ក្នុងការធានាគុណភាពផលិតផលឱ្យមានស្តង់ដារស្របគ្នាទូទាំងប្រទេសផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា យើងក៏ត្រូវការយន្តការបញ្ជាក់គុណភាពឱ្យកាន់តែរឹងមាំ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ផលិតផលកសិកម្មយុទ្ធសាស្ត្រ ដូចជា អង្ករ និងគ្រាប់ស្វាយចន្ទី ជាដើម។ជាមួយគ្នានេះដែរ វិស័យកសិកម្មនៅតែជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ច ដោយនៅក្នុងឆ្នាំ២០២៥ កម្ពុជាបានផលិតផលិតផលកសិកម្មប្រហែល ៤០លានតោន រួមទាំងអង្ករជាង ១៥លានតោន។

យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករជាង ៥៦ម៉ឺនតោន មានតម្លៃសរុបជាង ៣២៧លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ កម្ពុជាក៏បាននាំចេញស្រូវប្រមាណ ២,៧៥លានតោន ដែលមានតម្លៃជាង ៥៩១លានដុល្លារអាម៉េរិកផងដែរ។

ជាមួយគ្នានោះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ឆ្នាំ២០២៦ នេះគឺជាឆ្នាំប្រមូលផល ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលនយោបាយពីការធ្វើកសិកម្មខ្នាតតូចទៅជាផលិតកម្មកសិកម្ម ដែលមានការសម្របសម្រួល និងជំរុញដោយទីផ្សារកាន់តែច្រើន ខណៈពេលដែលការផ្លាស់ប្តូរនេះ បានបង្ហាញពីឱកាសសម្រាប់ឧស្សាហកម្មក្នុងស្រុក ដោយបញ្ហាប្រឈមសំខាន់ៗនៃខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវតែដោះស្រាយ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026