ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ការច្នៃប្រឌិតបង្កើតកម្មវិធី Tourism Augmented Reality App ដែលជាកម្មវិធី App វៃឆ្លាតដ៏ល្អដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ទៅកាន់ពិភពលោកស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឺកនាំរបស់សមេ្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញបម្លែងឌីជីថល និងកសាងវិស័យទេសចរណ៍ទំនើប មានភាពធន់ និងប្រកួតប្រជែងខ្ពស់។
ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា, លោក Eric Lim នាយកប្រតិបត្តិ Advantage by Universal Alliance, ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា, ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីសម្តែងការអបអរសាទរចំពោះការច្នៃប្រឌិតបង្កើតកម្មវិធី Tourism Augmented Reality App ដែលជាកម្មវិធី App ដ៏ល្អជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឺកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញបម្លែងឌីជីថល និងកសាងវិស័យទេសចរណ៍ទំនើប មានភាពធន់ និងប្រកួតប្រជែងខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំភ្ជាប់ជាមួយកម្មវិធី Green Season Tourism & Travel Exhibition និង Family Chefs Competition និង Made in Cambodia Exhibition ដែលមានគោលបំណងបង្ហាញសក្តានុពលវិស័យទេសចរណ៍ ការធ្វើដំណើរ និងផលិតផលជាតិ ព្រមទាំងលើកស្ទួយវប្បធម៌ម្ហូបអាហារខ្មែរ និងស្នាដៃសហគ្រិនក្នុងស្រុក។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយបង្កើតឱកាសថ្មីៗ សម្រាប់ការវិនិយោគ ការចែករំលែកបទពិសោធន៍ និងការចាប់ដៃគូរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាព ជាពិសេសគឺការជំរុញទេសចរណ៍ក្នុងស្រុកនារដូវកាលបៃតង។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៤ខែឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ១,៣ លាននាក់ ដែលបង្ហាញពីកំណើនវិជ្ជមាន និងភាពធន់នៃវិស័យទេសចរណ៍។ ភ្ញៀវទេសចរចង់មកទស្សនាកម្ពុជា និងស្វែងយល់ពីបទពិសោធនៃការលាយបញ្ចូលគ្នារវាងវប្បធម៌បុរាណដ៏អស្ចារ្យ និងធម្មជាតិដ៏ស្រស់ស្អាត បដិសណ្ឋារកិច្ចកក់ក្តៅដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា ជាពិសេសការផ្តល់ជូនដ៏ពិសេសនារដូវកាលបៃតង ដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖khmerhome