Register Already an agent ? Login

សមាគមទុរេនកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះការហូរចូលទុរេនគ្មានគុណភាពពីប្រទេសជិតខាង និងបដិសេធថា ទុរេនមួយចំនួនកំពុងលក់នៅលើទីផ្សារមិនមែនជារបស់ខ្មែរឡើយ


ភ្នំពេញ៖ លោក រឿន រតនា លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហូរចូលផ្លែទុរេនពីប្រទេសជិតខាងមកកម្ពុជា ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់លើទុរេនក្នុងស្រុក និងបង្កផលប៉ះពាល់ដល់ចំណូលកសិករខ្មែរ។ លើសពីនេះ សមាគម ក៏បានបដិសេធថា ទុរេនមួយចំនួនដែលកំពុងដាក់លក់លើទីផ្សារនាពេលនេះ មិនមែនជាទុរេនខ្មែរពិតប្រាកដឡើយ។

លោកបានអំពាវនាវឲ្យអាជីវករ បញ្ឈប់ការនាំចូលទុរេនពីប្រទេសជិតខាង ដើម្បីជៀសវាងផលប៉ះពាល់ពីទំនិញគ្មានគុណភាព និងការប្រើប្រាស់សារធាតុគីមីលើសកម្រិត ដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏ណែនាំឲ្យអ្នកប្រើប្រាស់ត្រូវពិនិត្យប្រភពទំនិញឲ្យបានច្បាស់ មុនពេលទិញ បើទោះបីជាតម្លៃទុរេនមានភាពទាបក៏ដោយ។

លោកបន្តថា បច្ចុប្បន្ន ទុរេននៅតំបន់ស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកសំឡូត ខេត្តបាត់ដំបង មិនទាន់មានផ្លែទុំសំបូរនៅឡើយទេ ហើយត្រូវរង់ចាំដល់ចុងខែឧសភា ទើបចាប់ផ្តើមមានទុរេនទុំច្រើន។ ដូច្នេះ ការអះអាងថា ទុរេនដែលដាក់លក់ពេលនេះជាទុរេនខ្មែរ គឺមិនសមស្របនោះឡើយ។ លោកបន្ថែមថា ដោយសារកត្តាប្រែប្រួលអាកាសធាតុ បានធ្វើឲ្យទុរេននៅកម្ពុជាមិនទាន់អាចទុំបានលឿន ដូច្នេះចាប់ពីចុងខែឧសភា ដល់ខែកក្កដា ទើបជារដូវទុរេនទុំច្រើន និងអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់។

សមាគមទុរេនកម្ពុជា ក៏បានអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញតាមច្រកព្រំដែន បង្កើនការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចូលទុរេនពីក្រៅប្រទេស ដើម្បីទប់ស្កាត់ការហូរចូលទំនិញគ្មានគុណភាព ដែលមិនត្រឹមតែប៉ះពាល់ដល់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចេញសេចក្តីណែនាំនៅថ្ងៃទី៤ ខែឧសភា ដោយហាមឃាត់ពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម «ជាដាច់ខាត» និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផល ជាពិសេសផលិត ផលម្ហូបអាហារ ជាអាទិ៍ លក្ខខណ្ឌទុកដាក់ កត្តាអនាម័យ ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការផ្គត់ផ្គង់។

បន្ថែមពីលើនេះ ក.ប.ប. បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងទិញផលិតផលដែលសង្ស័យថា មានលាយសារធាតុគីមីគ្រោះថ្នាក់។ ក្នុងករណីជួបទំនិញគ្មានប្រភពច្បាស់លាស់ ត្រូវរាយការណ៍មក ក.ប.ប. ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ការព្រួយបារម្ភនេះកើតឡើង ខណៈដែលប្រទេសចិន បានរឹតបន្តឹងការនាំចូលទុរេនពីប្រទេសថៃ និងវៀតណាម ដោយសាររកឃើញការប្រើប្រាស់សារធាតុគីមីហាមឃាត់លើសកម្រិត។ បញ្ហានេះបានធ្វើឲ្យទុរេននៅប្រទេសទាំងពីរ ប្រឈមបញ្ហាទីផ្សារ និងធ្លាក់ថ្លៃយ៉ាងខ្លាំង។

ជាមួយគ្នានេះ ករណីនាំចូលទុរេនខុសច្បាប់ ក៏កំពុងទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គមយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីសមត្ថកិច្ចខេត្តបាត់ដំបងរកឃើញអាជីវករម្នាក់ឈ្មោះ ព្រឿន សាក់ឡែន ដែលជាម្ចាស់គណនីឈ្មោះ អា ឡែន បានលួចនាំចូលផ្លែទុនរេនពីប្រទេសថៃចំនួន ៣លើក ក្នុងទម្ងន់សរុបប្រមាណ ២០០០គីឡូក្រាម ដែលប្រឆាំងនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់ការនាំចូលផ្លែឈើ និងបន្លែពីប្រទេសថៃ បន្ទាប់ពីប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែន ចាប់តាំងពីឆ្នាំមុនមកម្លេះ។ លើសពីនេះ ផ្លែទុរេន ដែលលួចនាំចូលទាំងនោះ ត្រូវបានគេសង្ស័យថា អាចបង្កហានិភ័យសម្រាប់សុខភាពអ្នកបរិភោគ ដោយសារការប្រើប្រាស់សារធាតុគីមីហាមឃាត់។

យោងតាមសារព័ត៌មាន VnExpress បានរាយការណ៍ថា តម្លៃទុរេននៅវៀតណាម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយទុរេនពូជ រី៦ (Ri6) ត្រូវបានលក់ក្នុងតម្លៃប្រហែល ២ម៉ឺន ទៅ ៣ម៉ឺន ៥ពាន់ដុង (ឬជាង ៣០០០ ទៅជាង ៥០០០រៀល) ក្នុងមួយគីឡូក្រាម ខណៈទុរេនពូជល្អៗដូចជា មូសាង ឃីង (Musang King) និង ម៉ាន់ថង (Monthong) ក៏ធ្លាក់ថ្លៃយ៉ាងខ្លាំងផងដែរ បើប្រៀបធៀបទៅនឹងដើមឆ្នាំមុន។កន្លងមកសារធាតុគីមី ដូចជា Cadmium និង Yellow O ត្រូវបានអាជ្ញាធរចិនរកឃើញនៅលើផ្លែទុរេន ហើយត្រូវបានហាមឃាត់ក្នុងការនាំចូលប្រទេសចិន ដោយសារតែអាចបង្កជំងឺធ្ងន់ធ្ងរ ដូចជា មហារីក និងប៉ះពាល់ដល់តម្រងនោម និងថ្លើម៕

ដោយ៖Khmerhome