ភ្នំពេញ៖ ផ្នែកទេសចរណ៍រដ្ឋនិងឯកជន សហការគ្នាដើម្បីសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅ ដោយស្វែងយល់អំពីនិន្នាការធ្វើដំណើរក្នុងតំបន់ និងសកលរបស់ភ្ញៀវទេសចរ ដែលបាននឹងកំពុងតែជះឥទ្ធិពលលើតម្រូវការនៃវិស័យទេសចរណ៍ ដោយពិនិត្យមើលបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាស និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសំខាន់ៗ សម្រាប់ឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។
សិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៧-២០២៨ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកក្រុមការងារ "ផ្នែកទេសចរណ៍" តំណាងទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាលសិក្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងតំណាងសមាគម ក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ជំនួបប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ នាពេលនេះ ពិតជាមានសារៈសំខាន់និងទាន់សភាពការណ៍ ស្របពេលដេលស្ថានភាពនយោបាយនិងសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់កំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័សទៅកាន់ស្ថានភាពដ៏លំបាកនេះ។ ជាក់ស្តែង ការកើនឡើងនៃតម្លៃថ្លៃដើមចំពោះផលិតផលនិងផលិតកម្មគ្រប់ប្រភេទ ដែលបណ្តាលមកពីវិបត្តិថាមពលសកល គឺពិតជាបានរុញច្រានឲ្យមានវិបត្តិអតិផរណានៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បន្តថា វិស័យទេសចរណ៍កម្ពុជា បានទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ជាពិសេសទៅលើវិស័យធ្វើដំណើរនិងប្រតិបត្តិការសេវាកម្ម ខណៈដែលនៅត្រីមាសទី១នេះ ៣ខែដើមឆ្នាំ២០២៦ យើងកំពុងតែទទួលនូវបញ្ហាប្រឈមដោយសារភ្ញៀវទេសចរអន្តរជាតិ មានការថយចុះប្រមាណ ៤០ភាគរយ ដែលបណ្តាលមកពីកត្តាជាច្រើន ដូចជា ជម្លោះព្រំដែន, ឥទ្ធិស្កេមអនឡាញ ដែលរដ្ឋាភិបាលកំពុងតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមរយៈគោលនយោបាយសេរ៉ូស្កេម, ការផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជានៅមានកម្រិតនៅឡើយ និងមិនទាន់បានច្រើនទូលំទូលាយដែលអាចគ្របដណ្តប់ទៅលើព័ត៌មានអាក្រក់តិចតួចខ្លះនៅកម្ពុជា និងវិបត្តិសង្គ្រាមនៅក្រៅតំបន់ ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ជាពិសេស យើងត្រូវតែបង្កើនជើងហោះហើរត្រង់ឲ្យបានកាន់តែច្រើនបន្ថែមទៀត ក្រៅពីពឹងផ្អែកលើការធ្វើដំណើរទេសចរតាមផ្លូវគោកជាប់ព្រំដែន, ផ្លូវដែក និងផ្លូវទឹក។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។ ព្រមទាំងជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជូនជាតិ និងចូលរួមការអភិរក្ស វប្បធម៌ ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បន្ថែមថា កម្ពុជាក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍កាលវិលត្រឡប់មកវិញនូវភ្ញៀវទេសចរចិន និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលនឹងធ្វើដំណើរមកកាន់កម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការលើកលែងទិដ្ឋាការនេះ រៀបចំឡើងស្របពេលរដូវកាលបៃតងដ៏ស្រស់ស្អាតនៅកម្ពុជា។
ក្នុងឱកាសនោះ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ផ្នែកទេសចរណ៍" តំណាងផ្នែកឯកជន បានលើកឡើងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បីពិនិត្យលើការយល់ឃើញរបស់ភ្ញៀវទេសចរ ការយល់ច្រឡំផ្សេងៗ និងឧបសគ្គក្នុងការកក់ការធ្វើដំណើរ និងដាក់ចេញនូវអនុសាសន៍ជាក់ស្ដែង ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទេសចរណ៍របស់កម្ពុជា។
ឧកញ៉ា លូ ម៉េង បានបន្តថា ក្នុងកាលៈទេសៈដែលវិស័យទេសចរណ៍របស់កម្ពុជា កំពុងបន្តការងើបឡើងវិញ ឧស្សាហកម្មនេះកំពុងឈានចូលដល់ដំណាក់កាលយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែផ្តោតលើការបង្កើនចំនួនភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកំណត់ប្រភពទីផ្សារឱ្យបានត្រឹមត្រូវ ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍។
ឧកញ៉ា លូ ម៉េង គូសបញ្ជាក់ថា ក្នុងបរិបទនៃការប្រកួតប្រជែងនៅក្នុងតំបន់ យើងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រែប្រួលនៃនិន្នាការធ្វើដំណើរ ចំណូលចិត្តទីផ្សារ និងកត្តារចនាសម្ព័ន្ធដែលមានឥទ្ធិពលលើការជ្រើសរើសគោលដៅទេសចរណ៍ រួមមាន ការតភ្ជាប់ផ្លូវអាកាស តម្លៃ និងការកំណត់ទីតាំងផលិតផលទេសចរណ៍។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលទទួលបាននឹងរួមចំណែកក្នុងការកំណត់ទិសដៅទេសចរណ៍កម្ពុជាឆ្ពោះទៅឆ្នាំ២០២៧-២០២៨ ដោយធានានូវវិធីសាស្ត្រអភិវឌ្ឍន៍ទីផ្សារដែលមានគោលដៅច្បាស់លាស់ ប្រកួតប្រជែង និងមាននិរន្តរភាព។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ ១លាន២ សែននាក់ កើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំមុនទៅ។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី២ នៃភ្ញៀវទេសចរបរទេសមកកម្ពុជា៕
ដោយ៖khmerhome