Register Already an agent ? Login

កម្ពុជាបានបើកយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ ដើម្បីជំរុញទេសចរណ៍ពេញមួយឆ្នាំ២០២៦នេះ

ភ្នំពេញ៖  ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  បានប្រកាសបើកជាផ្លូវការយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ចាប់ពីខែឧសភា ដល់ខែតុលា ក្រោមបរិយាកាសអធិកអធមស្និទ្ធស្នាល និងសប្បាយរីករាយ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធនានា។

កាលពីរាត្រីថ្ងៃទី ២ខែឧសភា ឆ្នាំ២០២៦ កម្មវិធីនេះ ក៏មានការចូលរួមពីឯកអគ្គរាជទូត តំណាងអង្គការជាតិ-អន្តរជាតិ តំណាងអាជ្ញាធរខេត្តទាំង២៤ និងវិស័យឯកជនជាច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំអនុវត្តយុទ្ធនាការនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២៥ និងបន្តជំរុញឱ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំ២០២៦។ ជាពិសេស ការចូលរួមរបស់គ្រប់ភាគី បានជួយលើកកម្ពស់ភាពទាក់ទាញវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចនាយករដ្ឋមន្ត្រី ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវយុទ្ធនាការរដូវកាលបៃតង (Green  Season) ជំនួសឱ្យពាក្យរដូវកាលភ្ញៀវតិច ឬ (Low Season) ចាប់ពីខែឧសភា ដល់ខែតុលា និងបានឯកភាពផ្តល់សន្ទុះថ្មីដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតងសម្រាប់ឆ្នាំ២០២៦ នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

ជាមួយគ្នានេះ យុទ្ធនាការនេះ មានគោលបំណងសំខាន់៣ គឺ៖ បង្កើនការទាក់ទាញភ្ញៀវអន្តរជាតិ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)

លើសពីនេះ ក្រសួងក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមស្វែងយល់បទពិសោធន៍ «៦គួរ» ក្នុងរដូវកាលបៃតង រួមមាន គួរចង់ឃើញ គួរស្នាក់នៅ គួរភ្លក្ស គួរទស្សនា គួរសាកល្បង និងគួរទិញ ដើម្បីទទួលបានបទពិសោធន៍ទេសចរណ៍ពេញលេញនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី កម្ពុជានឹងអាចបំលែងរដូវកាលបៃតងនេះ ទៅជា «រដូវកាលមាសពណ៌បៃតង» ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹម ការបង្កើតការងារ និងការស្រូបយកកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ក្នុងរដូវកាលបៃតងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចអនុវត្តសាកល្បងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយអនុញ្ញាតឲ្យស្នាក់នៅរយៈពេល ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរចិន អាចចូលមកកម្ពុជាបានប៉ុន្មានលើកក៏បាន ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការ និងមិនបង់កម្រៃ តែត្រូវបំពេញបែបបទ E-arrival card ប៉ុណ្ណោះ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១៕

ដោយ៖khmerhome