Register Already an agent ? Login

រយៈពេល ៤ខែឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសមកទស្សនារមណីយដ្ឋានអង្គរមានចំនួន ៣២២ ០០៤នាក់ ថយចុះជាង ៣២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​​របស់​គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល ​៤ខែ នៅ​ដើម​ឆ្នាំ​ ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១៥ ៤៩៧ ៣៣៨ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យ​ភ្ញៀវទេសចរបរទេស គឺ​មានការ​​ធ្លាក់​​ចុះ បើ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នាកាលពីដើម​ឆ្នាំ២០២៥។ 

គ្រឹះស្ថានអង្គរ ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុងខែមេសា ឆ្នាំ២០២៦នេះ មាន​ភ្ញៀវទេសចរបរទេសមកទស្សនានៅរមណីយដ្ឋានអង្គរចំនួន​ ៥១ ០៩៣ នាក់ ថយចុះ ៣៣,០២% បើ​ធៀប​ទៅនឹង​ខែ​មេសា ឆ្នាំ​២០២៥ ហើយរកចំណូល​បាន ២ ៣៩៣ ៣៦១ ដុល្លារ គឺ​​ធ្លាក់​​ចុះ ៣១,៤២ % បើ​ប្រៀប​ធៀប​ខែមេសា ឆ្នាំ​២០២៥។

ដោយឡែក ​​ចំនួនភ្ញៀវទេសចរ​បរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុង​​រយៈពេល ៤ខែ ឆ្នាំ២០២៦ នេះ គឺ​រយៈពេល ​៤ខែនេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រ​​សរុប ៣២២ ០០៤ នាក់ ថយចុះ ៣២,១៨% ធៀបទៅនឹង​រយៈពេល ​៤​ខែ កាលពី​ដើម​ឆ្នាំ២០២៥ ហើយ​រកចំណូលសរុបបាន ១៥ ៤៩៧ ៣៣៨ ដុល្លារ គឺ​ថយ​ចុះ ៣០,២២ % បើធៀប​ទៅនឹង​រយៈ​ដូចគ្នាកាលពី​ឆ្នាំ២០២៥។

រីឯ ​ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់សំបុត្រចូលទស្សនា​នៅ​រមណីយដ្ឋានអង្គរ​រយៈពេល ​៤​ខែនេះ គឺ​ត្រូវបាន​បែងចែកជា ៤ គឺចំណូលបាន​ពី​ការ​​លក់​សំបុត្រ​សម្រាប់​ភ្ញៀវទេសចរទៅ​​កម្សាន្ត​នៅ​កោះកែរ នៅ​បេងមាលា នៅ​ភ្នំក្បាលស្ពាន និងនៅ​កំពង់ផែចុងឃ្នៀស។

ចំពោះ​ចំណូលបាន​ពីការលក់សំបុត្រទូក (នៅ​កំពង់ផែចុងឃ្នៀស) ប្រចាំ​ខែមេសា ក្នុងឆ្នាំ២០២៦នេះ​ គឺរកបាន ៦១ ២១០ ដុល្លារ ដោយក្នុង​នោះទាំងទូកតូច ទូកកណ្តាល និងទូក​ធំ បានដឹកអ្នក​ជិះ​កម្សាន្ត​សរុប ១ ៤៧៤ លើក ហើយសរុបចំណូលលក់សំបុត្រទូក​រយៈពេល​ ៤ខែ ក្នុងឆ្នាំ២០២៦នេះ គឺ​មានចំនួន ៣៥៥ ៣៥១ដុល្លារ ដោយ​ទូកទូច ទូកលណ្តាល និង​ទូក​ធំ បានដឹកអ្នកជិះកម្សាន្ត​សរុប ៧ ៩៨៤ លើក។

សម្រាប់​ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ នៅ​ខែមេសា ឆ្នាំ២០២៦​នេះ មានភ្ញៀវទេសចរ​បរទេស​ចំនួន ៨២៦នាក់ ​ទទួលបានចំណូល ១២ ៣៩០ ដុល្លារ ហើយ​សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល​៤ខែ ឆ្នាំ២០២៦នេះ មាន​ភ្ញៀវ​ទេសចរបរទេស ៦ ៨៣០ នាក់ មានចំណូល ១០២ ៤៥០ដុល្លារ។

ចំណែក​ ចំណូលបាន​ពីការលក់សំបុត្រ នៅប្រាសាទបេងមាលា ក្នុង​ខែមេសា គឺ​មានភ្ញៀវ​ទេសចរ​ទិញសំបុត្រ​ចំនួន ៨៨២នាក់ រកបានចំណូល ៨ ៨២០ដុល្លារ ហើយ​សរុបចំណូលលក់សំបុត្រ​​រយៈពេល ​៤ខែ គឺ​មានអ្នក​ទិញ​សំបុត្រ​ទស្សនា​ចំនួន ៧ ០៣៨នាក់ ទទួលបានចំណូល ៧០ ៣៨០ដុល្លារ។

ជាមួយគ្នានេះ ចំណូលពីការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ក្នុង​ខែមេសា មានភ្ញៀវទេសចរបរទេស​ទិញ​សំបុត្រ​ចំនួន ៧១នាក់  រក​ចំណូល​បាន ៣៥៥ ដុល្លារ ហើយ​សរុបចំណូលលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល ​៤ខែ គឺ​មានភ្ញៀវទេសចរ​ទិញ​សំបុត្រ​ចំនួន ៥៦៦នាក់ ទទួលចំណូលបាន ២ ៨៣០ដុល្លារ៕

ដោយ៖khmerhome