Register Already an agent ? Login

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥

ព្រះសីហនុ៖ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតកំពង់ផែ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១,៣៤ លានធីអ៊ីយូ (TEUs) កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបប្រមាណជាង ១៥៥ លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការថ្លែងឲ្យដឹងពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ក្រោមអធិបតីភាពសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះថា ចំនួននាវា ឆ្លងកាត់កំពង់ផែមានចំនួន ១៧៧៥គ្រឿង កើនឡើង ១៣,៣៥% ប៉ុន្តែចំណុះផ្ទុកនាវាមាន រហូតដល់ ២៦,១២ លានតោន កើនឡើង ២៩,២៧% និងបរិមាណទំនិញឆ្លងកាត់មានចំនួន ១២,៣២ លានតោន កើនឡើង ២៥,៧៨%។ ដោយឡែក បើគិតក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។

ឯកឧត្តម ប៉េង ពោធិ៍នា សង្កត់ធ្ងន់ថា កំពង់ផែក៏បានគិតគូរអំពីវិធានការដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុងពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ។ ជានិច្ចកាលប្រទេសជប៉ុន បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសគឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការកសាងធនធានមនុស្ស សមត្ថភាពស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងផ្នែករឹង និងផ្នែកទន់។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា បើគិតនៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍកំពង់ផែវិញ នៅក្នុងរយៈពេល ៣០ឆ្នាំមកនេះ ប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍសាងសង់ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានធ្វើឱ្យកំពង់ផែរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់៕

ដោយ៖khmerhome