Register Already an agent ? Login

លោក ស៊្រុន ពៅ ស្នើដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធសហការទប់ស្កាត់ករណីលួចនាំចូលស៊ុតខូចគុណភាព ដែលប៉ះពាល់មុខរបរក្នុងវិស័យចិញ្ចឹមសត្វកម្ពុជា

ភ្នំពេញ៖ លោក ស៊្រុន ពៅ ស្នើដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ពិសេសអាជ្ញាធរមូលដ្ឋាន មន្ត្រីសមត្ថកិច្ចច្រកព្រំដែន មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្រីការិយាល័យផលិតកម្មនិងបសុព្យា បន្តសហការរឹតបណ្តឹង ទប់ស្កាត់ និងបង្រ្កាបករណីលួចនាំចូលស៊ុតខូចគុណភាពទាំងនោះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីកុំឱ្យជនខិលខូចមានឱកាសនាំស៊ុតខូចគុណភាព មកបំផ្លាញសុខភាពប្រជាជន និងប៉ះពាល់មុខរបរក្នុងវិស័យចិញ្ចឹមសត្វកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាន លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញការព្រួយបារម្មណ៍ជាខ្លាំង ដែលលោកបានរកឃើញថា នាពេលថ្មីៗនេះ មានការនាំចូលស៊ុត មាន់ ទា ខូចគុណភាពរាប់ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗ ពីប្រទេសជិតខាង ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាជន និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះពងសត្វនិងសាច់សត្វសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារឡើយ។

លោក ស៊្រុន ពៅ អះអាងថា ប៉ុន្មានថ្ងៃមកនេះ លោកបានរកឃើញថា មានជនខិលខូចមួយចំនួន បានលួចនាំចូលស៊ុតពីប្រទេសជិតខាងរាប់ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗយកមកលក់នៅកម្ពុជា ដែលស៊ុតទាំងនោះភាគច្រើនជាស៊ុតខូចគុណភាព ពោលគឺស៊ុតផុតសុពលភាព ដែលអាចបង្ករលក្ខណៈធ្វើឱ្យប៉ះពាល់ដល់សុខភាពបរិភោគ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស៊ុតរបស់អ្នកចិញ្ចឹមក្នុងស្រុក។

ជុំវិញបញ្ហានេះដែរ ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា ស៊ុតខូចគុណភាពទាំងនោះ ត្រូវបានគេយកមកលក់នៅទីផ្សារកម្ពុជា ក្នុងតម្លៃថោកបំផុត ដែលអ្នកផលិតក្នុងស្រុកមិនអាចលក់បាន ព្រោះស៊ុតទាំងនោះគេលក់ឱ្យតែអស់ទេជៀសជាងគេយកទៅបោះចោលផងដែរ។ បច្ចុប្បន្ននេះ ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ស៊ុត តាមតម្រូវការទីផ្សារ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលស៊ុតពីប្រទេសជិតខាងនោះឡើយ។

លោក ស៊្រុន ពៅ បន្ថែមទៀតថា កន្លងមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបការលួចនាំចូលស៊ុតខូចគុណភាពពីប្រទេសជិតខាង បានយ៉ាងល្អប្រសើរ ប៉ុន្តែទើបតែប៉ុន្មានថ្ងៃមកនេះ គេឃើញមានជនខិលខូចមួយចំនួន បានគុបឃិតគ្នាលួចនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនមួយចំនួន ដោយដឹកជញ្ជូនតាមរថយន្ត និងម៉ូតូជាហូរហែរឥតដាច់នៅក្នុងមួយថ្ងៃៗ។

លើសពីនេះ លោក ស្រ៊ុន ពៅ បញ្ជាក់ទៀត សព្វថ្ងៃនេះ យើងឃើញថា តម្លៃអាចទទួលយកបានស្ទើរតែគ្រប់ប្រភេទសត្វ បានសេចក្ដីថា ខាងក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ កំពុងតែរៀបចំបានរលូនទាំងអស់គ្នា ដោយមិនឱ្យកសិករចំណេញច្រើនពេក តែក៏មិនឱ្យខាតពេកដែរ។ ដូច្នេះលោកមើលទៅដូចជាមិនមានបញ្ហាអ្វីចោទមកលើវិស័យចិញ្ចឹមសត្វយើងនោះទេ។

សូមបញ្ជាក់ថា តម្រូវការសាច់សត្វ និងពងសត្វនៅកម្ពុជា នៅតែមានកម្រិតខ្ពស់និងបន្តកើនឡើងជាលំដាប់ ស្របតាមកំណើនប្រជាជននិងទេសចរណ៍ ទោះបីជាមានការប្រែប្រួលនៃលំហូរនាំចូលក៏ដោយ។ អ្នកចិញ្ចឹមសត្វបច្ចុប្បន្នអាចទទួលបានប្រាក់ចំណេញ តាមរយៈវិធានការរឹតបន្តឹងការនាំចូលសាច់បង្កកនិងពងខុសច្បាប់ជាដើម៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026