កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាព និងសមិទ្ធផលនានាក្នុងបរិវេណមណ្ឌលសុខភាពក្រាំងល្វា នៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងពិធីខាងលើ វេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងថា អគារមណ្ឌលសុខភាពថ្មី ១ខ្នងដែលកំពុងសម្ពោធជាផ្លូវការនេះមានទំហំ ២៤ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ផ្ដើមសាងសង់នូវខែឧសភា ឆ្នាំ២០២៤។
លោក ឆាយ ឫទ្ធិសែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយមានផ្លូវខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យល្អប្រសើរ និងរបៀបរបបរស់នៅប្រកបដោយភាពស៊ីវិល័យ។
លោករដ្ឋមន្ត្រី បានថ្លែងថាអគារមណ្ឌលសុខភាពក្រាំងល្វាថ្មីនេះ ពិតជាបានចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលដោយបានបង្កើន និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ និងកាន់តែទូលំទូលាយ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយនិងអបអរសារទរជាមួយពលរដ្ឋដែលរស់នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលទទួលបានសមិទ្ធផលថ្មីនាឱកាសនេះផងដែរ។
នាឱកាសនោះ លោក បានសុំណូមពរដល់ក្រុមគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែកលើមូលដ្ឋាននៃក្រមសីលធម៌ និងគុណធម៌វិជ្ជាជីវៈ សក្តិសមជា“ទេវតាអាវស”។
លោក បានបន្តថា ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋប្រកាន់យកនូវគោលការណ៍ “ការពារប្រសើរជាងព្យាបាល”និងមានទម្លាប់អនាម័យល្អគឺការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីការពារបាននូវជំងឺឆ្លងនានា៕
ដោយ៖