Register Already an agent ? Login

បដិវត្តន៍ទឹកស្អាតនៅស្វាយរៀង៖ សម្តេចធិបតីប្រកាសប្រែក្លាយខេត្តកសិកម្មទៅជាមជ្ឈមណ្ឌលឧស្សាហកម្មធំ

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង ព្រមទាំងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ដែលជាជំហានយុទ្ធសាស្ត្រមួយក្នុងការប្រែក្លាយខេត្តស្វាយរៀងពីតំបន់កសិកម្មទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់កម្ពុជា

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ត្រូវបានសាងសង់ឡើងក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងទឹកប្រាក់ប្រមាណ ៣០,៦លានដុល្លារអាមេរិក។ គម្រោងនេះបានចំណាយពេលសាងសង់ចំនួន ២៣ខែ (ចាប់ពីខែកុម្ភៈ ២០២៤ ដល់ខែធ្នូ ២០២៥) ដែលមានសមត្ថភាពផលិតទឹកស្អាត ៦,៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ បង្កើនសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វាយរៀងដល់ ២២,៦០០ម៉ែត្រគូប/ថ្ងៃ

ជាមួយនឹងបណ្តាញចែកចាយទឹកស្អាតថ្មីប្រវែង ១១០គីឡូម៉ែត្រ គម្រោងនេះនឹងផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមចំនួន ៧,៣៧៨ គ្រួសារ ក្នុងនោះរួមមានពលរដ្ឋងាយរងគ្រោះចំនួន ៣៧៥គ្រួសារ។ នេះបានធ្វើឱ្យអត្រាគ្របដណ្តប់សេវាទឹកស្អាតក្នុងតំបន់ (ក្រុងស្វាយរៀង និងឃុំចំនួន៥ នៃស្រុកស្វាយជ្រំ) កើនឡើងពី ៣២% ទៅ ៥៨%

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺ ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិទំហំទឹកប្រាក់សរុប ៦០លានដុល្លារ។ គម្រោងនេះគ្រោងរយៈពេលអនុវត្ត ២០ខែ (ពីខែមីនា ២០២៦ ដល់ខែកញ្ញា ២០២៧) នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសរុប ១៣,៦០០ម៉ែត្រគូប/ថ្ងៃ ពង្រីកបណ្តាញចែកចាយប្រវែង ៧៣៩គីឡូម៉ែត្រ និងផ្តល់តំណទឹកស្អាតជូនគ្រួសារថ្មីចំនួន ២៨,៦៦០គ្រួសារ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីនេះថា ខេត្តស្វាយរៀងធ្លាប់ជាខេត្តដែលធ្វើកសិកម្មមិនសូវបានផល ប៉ុន្តែឥឡូវនេះកំពុងងាកមកដាំដុះរោងចក្រសហគ្រាសវិញ ដែលបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន។ សម្តេចបានលើកឡើងថា ដី ១០ហិកតា ប្រសិនបើបន្តដាំស្រូវអាចចិញ្ចឹមបានតែ ១០គ្រួសារ ប៉ុន្តែបើប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសអាចចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ

សម្តេចបានសម្តែងនូវសុទិដ្ឋិនិយមថា ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ខេត្តស្វាយរៀងនឹងអាចក្លាយជាបណ្តុះនៃឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សម្តេចក៏បានលើកទឹកចិត្តដល់វិនិយោគិនជប៉ុនឱ្យងាកមកបោះទុនវិនិយោគនៅទិសខាងកើត ជាពិសេសខេត្តស្វាយរៀង បន្ទាប់ពីជប៉ុនបានយកចិត្តទុកដាក់បោះទុនវិនិយោគ និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្តព្រះសីហនុ

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា។ ការដាក់ឱ្យដំណើរការរោងចក្រទឹកស្អាតថ្មីនេះ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុនក្នុងខេត្តស្វាយរៀង ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ភ្ជាប់ទៅកាន់ប្រទេសវៀតណាម និងតំបន់អាស៊ានផងដែរ

ដោយ៖ មឿន ឌីណា (Moeun Dyna)