ភ្នំពេញ៖ កម្ពុជាកំពុងឈានឆ្ពោះទៅរកការលោតផ្លោះដ៏ធំមួយក្នុងវិស័យកសិ-ឧស្សាហកម្ម បន្ទាប់ពីសហគ្រាសរដ្ឋឈានមុខគេរបស់ចិនក្នុងវិស័យកែច្នៃដំឡូងមី បានប្រកាសពីគម្រោងវិនិយោគយុទ្ធសាស្ត្រចំនួនបី រួមទាំងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដែលជាសហគ្រាសរដ្ឋចិនឈានមុខគេក្នុងវិស័យកែច្នៃដំឡូងមី ដឹកនាំដោយលោក Chen Mingyu ប្រធានក្រុមហ៊ុន ។
ក្នុងជំនួបនេះ លោក Chen Mingyu បានបង្ហាញពីគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួនបីរបស់ក្រុមហ៊ុន រួមមាន៖ ទីមួយ ការបង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន។ ទីពីរ ការសិក្សាពីលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា។ ទីបី ការផ្ទេរចំណេះដឹង និងបច្ចេកទេសដាំដុះកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ តាមរយៈកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគនេះ ដោយគូសបញ្ជាក់ថា ការបង្កើតរោងចក្រកែច្នៃក្នុងស្រុក គឺជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្តល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានរំលេចថា កម្ពុជាស្ថិតនៅចំណុចកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនសម្រាប់វិនិយោគិន។
ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍លើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី "ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា" របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូន កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារសកល ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ដោយមានមូលដ្ឋាននៅទីក្រុងណាននីង ប្រទេសចិន។ ក្រុមហ៊ុនជាសហគ្រាសរដ្ឋក្រោមក្រុមហ៊ុន Guangxi State Farms Group ដែលមានសមត្ថភាពផលិតចម្រាញ់ម្សៅរហូតដល់ ៣៥ម៉ឺនតោនក្នុងមួយឆ្នាំ និងមានមន្ទីរពិសោធន៍ជាតិសម្រាប់ស្រាវជ្រាវអង់ស៊ីមជីវម៉ាសដែលមិនមែនជាចំណីអាហារ (Non-Food Biomass) ។
ជំនួបពិភាក្សានេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នាខ្ពស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជារំពឹងថានឹងទទួលបាននូវការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យកសិ-ឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យាទំនើប និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដែលស្របតាមយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មខ្មែរនៅលើទីផ្សារអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)