ភ្នំពេញ៖ កម្ពុជាបន្តពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ដោយរៀបចំយន្តការសន្ទនាក្រៅផ្លូវការថ្មីមួយ តាមរយៈ "កម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast)" ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដើម្បីស្តាប់កង្វល់ជាក់ស្តែងរបស់វិនិយោគិន និងផ្តល់ដំណោះស្រាយទាន់ពេលវេលា។
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កិច្ចពិភាក្សានេះ មិនមែនគ្រាន់តែជាការសម្តែងការគួរសមបែបពិធីការទេ ប៉ុន្តែផ្តោតសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងការត្រៀមរៀបចំបេសកកម្មគោះទ្វារវិនិយោគទៅកាន់ទ្វីបអឺរ៉ុបនាពេលខាងមុខ។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។ ឯកឧត្តមបានលើកឡើងពីគំនិតផ្តួចផ្តើមរៀបចំ "កម្មវិធីអាហារពេលព្រឹកធុរកិច្ច" ជាមួយ EuroCham និងសភាពាណិជ្ជកម្មនានា ដែលជាយន្តការសន្ទនាផ្ទាល់ និងក្រៅផ្លូវការ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចក្តាប់បាននូវរាល់កង្វល់ជាក់ស្តែងរបស់ធុរជនអឺរ៉ុប និងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែផ្តោតលើការទាក់ទាញវិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការថែទាំ និងគាំទ្រដល់វិនិយោគិនដែលកំពុងប្រតិបត្តិការផងដែរ។ ក្នុងន័យនេះ កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើការទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ យានយន្ត និងគ្រឿងអេឡិចត្រូនិក។
គណៈប្រតិភូសហភាពអឺរ៉ុបបានកត់សម្គាល់ថា កម្ពុជាមានទីតាំងភូមិសាស្ត្រនយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ាន (ASEAN Hub) និងជាគោលដៅទាក់ទាញក្រោមក្របខណ្ឌ "Global Gateway" របស់សហភាពអឺរ៉ុប។ ឯកឧត្តម Igor Driesmans បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមសម្របសម្រួល និងសហការរៀបចំបេសកកម្មគោះទ្វារវិនិយោគទៅកាន់អឺរ៉ុប ដោយបញ្ជាក់ថា មានប្រទេសជាច្រើនទៀតនៅអឺរ៉ុបកំពុងតាមដានការអភិវឌ្ឍរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់ និងរង់ចាំឱកាសដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគដោយផ្ទាល់។
កិច្ចពិភាក្សានេះ បានបញ្ចប់ទៅដោយផ្លែផ្កា និងការជឿជាក់ខ្ពស់ពីភាគីទាំងពីរ។ តាមរយៈយន្តការសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគអឺរ៉ុបមកកម្ពុជាត្រូវបានគេរំពឹងថានឹងមានសន្ទុះកើនឡើង ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង។ នេះក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿចិត្តរបស់អ្នកវិនិយោគអន្តរជាតិមកលើស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna )