Register Already an agent ? Login

បដិវត្តន៍ទឹកស្អាតនៅបាត់ដំបង៖ គម្រោងធារាសាស្រ្តទំនើបដោយថាមពលព្រះអាទិត្យរួចរាល់ជិត៩០ភាគរយ

បាត់ដំបង៖ ក្រោមការឧបត្ថម្ភថវិកាពីធនាគារពិភពលោក គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសហគមន៍កសិកម្មតាសីសាមគ្គី កំពុងឈានចូលដំណាក់កាលបញ្ចប់ បន្ទាប់ពីសម្រេចបានជោគជ័យជាង ៨៨ ភាគរយ។ គម្រោងនេះមិនត្រឹមតែជាការពង្រឹងសន្តិសុខទឹកសម្រាប់ប្រជាកសិករក្នុងឃុំតាម៉ឺន ស្រុកថ្មគោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការផ្លាស់ប្តូរវិស័យកសិកម្មកម្ពុជាឆ្ពោះទៅកាន់បច្ចេកវិទ្យាបៃតង និងនិរន្តរភាព។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់នៅទីតាំងគម្រោង កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា គម្រោងនេះមានលក្ខណៈពិសេសដោយរួមបញ្ចូលទាំងប្រព័ន្ធធារាសាស្ត្រទំនើប ដែលពឹងផ្អែកលើថាមពលកកើតឡើងវិញ ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែង និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

បើតាមរបាយការណ៍បច្ចេកទេស គម្រោងនេះរួមមានការងារសំខាន់ៗចំនួន ៧ រួមមាន៖ ការពង្រឹងគុណភាពស្រះទឹកចំណុះ ១កន្លែង ការជីកស្រះទឹកថ្មី ១កន្លែង ការដំឡើងប្រព័ន្ធទុយោស្រោចស្រពប្រវែងជិត ១០គីឡូម៉ែត្រ ការខួងអណ្តូងនិងបំពាក់ម៉ូទ័រដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៦កន្លែង ការដំឡើងម៉ូទ័រជំរុញទឹកដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៤កន្លែង ព្រមទាំងការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង (ក្នុងនោះ ២កន្លែងជាស្ថានីយបូមទឹកបណ្តែត)។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Diversification Project) ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក (World Bank)។ 

ការសម្រេចបានជោគជ័យជាង ៨៨ភាគរយនៃគម្រោងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

នៅពេលបញ្ចប់ទាំងស្រុង គម្រោងនេះនឹងក្លាយជាប្រព័ន្ធធារាសាស្រ្តគំរូមួយ ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់រដូវកាល និងជួយបង្កើនទិន្នផលកសិកម្មដល់ប្រជាកសិករក្នុងតំបន់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕ឮ

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026