Register Already an agent ? Login

កម្ពុជា-សហភាពអឺរ៉ុប ពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ តាមរយៈយន្តការ “Team Europe” និង “Global Gateway”

ភ្នំពេញ – ជំនួបកម្រិតខ្ពស់មួយនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ម្សិលមិញនេះ បានបង្ហាញពីសញ្ញាវិជ្ជមានកាន់តែខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប (EU)។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី២ នៃ CDC បានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់អឺរ៉ុប ដើម្បីជជែកអំពីអនាគតនៃកិច្ចសហប្រតិបត្តិការដែលនឹងផ្លាស់ប្តូរមុខមាត់ការអភិវឌ្ឍនៅកម្ពុជា។  

កិច្ចពិភាក្នុងជំនួបនេះធ្វើឡើងក្នុងបរិយាកាសស្ថាបនា និងផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក សំដៅពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុបប្រកបដោយចីរភាព និងតម្រង់ទិសអនាគត។

គោលបំណងស្នូលនៃជំនួបគឺដើម្បីពិភាក្សាអំពីការអនុវត្តអភិក្រមក្រុមអឺរ៉ុប (Team Europe Approach) ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្ររួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ (JES 2021-2027) ព្រមទាំងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប (European Global Gateway)។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានជម្រាបជូនភាគីសហភាពអឺរ៉ុបអំពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើកំណើនប្រកបដោយគុណភាព ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ឯកឧត្តមបានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលសហភាពអឺរ៉ុបបានផ្តល់ជាយូរមកហើយ ហើយបានលើកឡើងពីសារៈសំខាន់នៃការធ្វើសមាហរណកម្មគម្រោងអភិវឌ្ឍន៍ស្របតាមអាទិភាពជាតិរបស់កម្ពុជា។

ជំនួបនេះក៏បានផ្តល់ឱកាសឱ្យភាគីទាំងពីរពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្ត្រ JES 2021-2027 ដែលផ្តោតលើវិស័យអាទិភាពចំនួនបីគឺ៖ ការអភិវឌ្ឍន៍វិស័យឯកជន និងពាណិជ្ជកម្ម ការអភិវឌ្ឍន៍បៃតង និងធនធានធម្មជាតិ និងអភិបាលកិច្ច និងវិស័យសង្គម។ ភាគីសហភាពអឺរ៉ុបបានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តសហការតាមរយៈយន្តការ Team Europe Approach ដែលប្រមូលផ្តុំធនធាន និងជំនាញពីស្ថាប័នសហភាពអឺរ៉ុប រដ្ឋសមាជិក និងស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។

លើសពីនេះ ក្របខ័ណ្ឌច្រកទ្វារសកលអឺរ៉ុប (European Global Gateway) ត្រូវបានលើកយកមកពិភាក្សាជាពិសេស ដោយផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការផ្លាស់ប្តូរឌីជីថល និងការតភ្ជាប់ថាមពលបៃតង ដែលស្របទៅនឹងចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

កិច្ចពិភាក្សាបានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហការឲ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ និងជំរុញការវិនិយោគប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាជនកម្ពុជា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

គួរបញ្ជាក់ថា ខណៈដែលកម្ពុជាកំពុងឈានទៅរកការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខ ការពង្រឹងដៃគូជាមួយអឺរ៉ុបនឹងជួយឱ្យកម្ពុជាមាន "ខ្នងបង្អែក" រឹងមាំលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធានាថាការលូតលាស់សេដ្ឋកិច្ចមានភាពធន់ និងមិនប៉ះពាល់ដល់បរិស្ថាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)