ភ្នំពេញ៖ កម្ពុជាកំពុងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ក្រោមគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (Cambodia Cross-border Connectivity Enhancement Project – 3CEP)។ ការរៀបចំគម្រោងនេះ កំពុងឈានចូលដំណាក់កាលសិក្សាស៊ីជម្រៅ ក្រោមការឧបត្ថម្ភថវិកាពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង 3CEP បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ដោយមានការចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង PMU-3CEP និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV។ កិច្ចប្រជុំនេះ មិនមែនគ្រាន់តែជាការរាយការណ៍វឌ្ឍនភាពធម្មតានោះទេ ប៉ុន្តែជាជំហានដ៏សំខាន់មួយក្នុងការរៀបចំយុទ្ធសាស្ត្រតភ្ជាប់ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ឱ្យក្លាយជាការពិត។
សិក្សាស៊ីជម្រៅ ១៨ខែ ដើម្បីហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន
គម្រោង 3CEP ស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study – FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត (Detailed Engineering Designs – DEDs) ដែលមានរយៈពេលសរុប ១៨ខែ។ ក្នុងដំណាក់កាលនេះ ក្រុមការងារបច្ចេកទេសកំពុងផ្តោតលើការសិក្សាហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ (CBF) ចំនួន ៤ ទីតាំង ដែលជាច្រកឆ្លងកាត់ដ៏សំខាន់រវាងកម្ពុជា និងវៀតណាម។
ក្នុងកិច្ចប្រជុំ លោកជំទាវនាយកគម្រោងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង PMU-3CEP និងសម្ព័ន្ធក្រុមហ៊ុន KCI-BOTEK JV ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលជាផ្លែផ្កានាពេលបច្ចុប្បន្ន។ លោកជំទាវក៏បានលើកទឹកចិត្តឱ្យក្រុមការងារបន្តបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ដើម្បីឱ្យលទ្ធផលសិក្សាមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តសាងសង់បានជាក់ស្តែង។
ទស្សនកិច្ចសិក្សាទៅកាន់ច្រកទ្វារព្រំដែនវៀតណាម
ចំណុចសំខាន់មួយទៀតដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ គឺការរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចសិក្សាទៅកាន់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ភាគីវៀតណាម ដែលស្ថិតនៅទល់មុខ និងជាគូច្រកទ្វារជាមួយច្រកទ្វារព្រំដែនទាំង ៤ ទីតាំងរបស់កម្ពុជា។
ការចុះសិក្សានេះ មានគោលបំណងស្វែងយល់ពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធភាគីម្ខាង ដើម្បីរៀបចំផែនការតភ្ជាប់ប្រកបដោយភាពស៊ីសង្វាក់គ្នា ជំរុញលំហូរពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។
តួនាទីរបស់ AIIB និងផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ
គម្រោង 3CEP នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) ដោយ៖
- ពង្រឹងការតភ្ជាប់ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម។
- សម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ ឆ្លងកាត់ព្រំដែនអន្តរជាតិ។
- ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន។
សមិទ្ធផលនៃគម្រោងនេះ នឹងជួយបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនក្នុងតំបន់ កាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូន ព្រមទាំងពង្រឹងការតភ្ជាប់សេដ្ឋកិច្ចរវាងកម្ពុជា និងបណ្តាប្រទេសជិតខាង ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)