Register Already an agent ? Login

របត់ថ្មីនៃសន្តិសុខដីធ្លី៖ ប្រជាពលរដ្ឋជិត ៤,០០០គ្រួសារក្នុងស្រុកលើកដែក ទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់

កណ្ដាល៖ អារម្មណ៍សប្បាយរីករាយបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ក្រោយរង់ចាំជាយូរមក គ្រួសារចំនួន៣.៩៥៥ នៅក្នុងភូមិចំនួន៤ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលជាភស្តុតាងច្បាប់យ៉ាងមុតមាំបញ្ជាក់ថា ដីដែលពួកគេកំពុងកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់របស់ពួកគេ។

ពិធីប្រគល់បណ្ណកម្មសិទ្ធិដ៏រីករាយនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល។ ពួកគេបានតំណាងថ្នាក់ដឹកនាំខេត្ត ចុះមកជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីចែកឱ្យនូវសិទ្ធិស្របច្បាប់នេះ។

ភូមិទាំង៤ ដែលត្រូវបានចុះបញ្ជីក្នុងដំណាក់កាលនេះ រួមមាន៖ ភូមិកោះកន្ធាយ ភូមិព្រែកដាច់ ភូមិព្រែកតូច និងភូមិតាហ៊ីង ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក។ ការទទួលបានបណ្ណកម្មសិទ្ធិនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលដ៏យូររបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ខេត្ត ស្រុក រហូតដល់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (មន្ទីរដនសស)។

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្ត បានថ្លែងក្នុងពិធីយ៉ាងរំជួលចិត្តថា នេះជាសមិទ្ធផលដ៏ធំធេងក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តមបានលើកឡើងយ៉ាងច្បាស់អំពីតម្លៃនៃការមានប័ណ្ណកម្មសិទ្ធិថា៖

«បណ្ណកម្មសិទ្ធិនេះ មិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកទេ វាគឺជាគ្រឹះដ៏រឹងមាំសម្រាប់សុវត្ថិភាពផ្លូវច្បាប់។ ប្រជាពលរដ្ឋអាចប្រើប្រាស់ដីនេះដើម្បីលក់ដូរ ធ្វើជាអំណោយ ហ៊ីប៉ូតែក ឬបញ្ចាំ ដោយមានទំនុកចិត្តពេញលេញ។ សំខាន់ជាងនេះទៀត វាជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយ និងលុបបំបាត់ជម្លោះវិវាទដីធ្លី ដែលធ្លាប់ជាបញ្ហារ៉ាំរ៉ៃកន្លងមក»។

ការទទួលបានបណ្ណកម្មសិទ្ធិ មិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រផងដែរ។ តាមរយៈឯកសារច្បាប់នេះ គ្រួសារនីមួយៗអាចមានផែនការរយៈពេលវែងសម្រាប់អនាគត មិនថាការសាងសង់ផ្ទះលំនៅឋាន ឬការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឡើយ។

ពិធីប្រគល់បណ្ណកម្មសិទ្ធិនាពេលនោះ ក៏ជាឱកាសបង្ហាញពីការដឹងគុណរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះមន្ត្រីរាជការទាំងអស់ ដែលបានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លីនេះ។ កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រវាងរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ បានធ្វើឱ្យដំណើរការនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាមួយនឹងបណ្ណកម្មសិទ្ធិនៅក្នុងដៃ ប្រជាពលរដ្ឋឃុំព្រែកដាច់ អាចនិយាយបានថា មាន «ទុន» ពិតប្រាកដសម្រាប់អនាគត ហើយសហគមន៍ទាំងមូលក៏មានស្ថេរភាព និងយុត្តិធម៌កាន់តែរឹងមាំថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)