Register Already an agent ? Login

ពន្ធដារចេញសេចក្តីជូនដំណឹង ស្នើសហការកែប្រែទិន្នន័យយានយន្ត ដើម្បីជៀសវាងបញ្ហាពន្ធផ្លូវ

ភ្នំពេញ – អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញមានការលើកឡើងជាច្រើនពីសំណាក់ម្ចាស់យានយន្ត ទាក់ទងនឹងការចេញលិខិតជូនដំណឹងខកខានមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ដែលប៉ះចំលើបុគ្គលដែលមិនមែនជាម្ចាស់បច្ចុប្បន្ន។ ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារសូមស្នើដល់ម្ចាស់យានយន្ត និងអ្នកតំណាងទាំងអស់ ចូលរួមសហការធ្វើបច្ចុប្បន្នភាពទិន្នន័យជាបន្ទាន់។

▎បញ្ហាប្រឈមដែលកំពុងកើតមាន

តាមការសង្កេតរបស់អគ្គនាយកដ្ឋានពន្ធដារ លិខិតជូនដំណឹងពន្ធផ្លូវបានប៉ះចំលើករណីសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

១. កម្មសិទ្ធិករដើម ដែលបានផ្ទេរ ឬលក់យានយន្តរួច ប៉ុន្តែមិនបានបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិតាមច្បាប់២. អ្នកតំណាង ដែលបានឈរឈ្មោះចុះបញ្ជីប្រកាសបង់ពន្ធជំនួសឱ្យម្ចាស់ពិតប្រាកដ៣. ម្ចាស់យានយន្ត ដែលមានយានយន្តខូចប្រើប្រាស់លែងបាន ឬត្រូវបានបំបែកជាគ្រឿងបន្លាស់៤. ម្ចាស់យានយន្ត ដែលមានការផ្លាស់ប្តូរទិន្នន័យយានយន្ត (លេខតួ លេខម៉ាស៊ីន ផ្លាកលេខ) ដោយមិនបានធ្វើបច្ចុប្បន្នភាព

▎វិធានការដោះស្រាយ

ដើម្បីជៀសវាងបញ្ហាប្រឈម និងការទទួលខុសត្រូវខាងពន្ធដារ អគ្គនាយកដ្ឋានពន្ធដារសូមស្នើឱ្យម្ចាស់យានយន្ត ឬអ្នកតំណាង ចាត់វិធានការដូចខាងក្រោម៖

ករណីវិធានការដោះស្រាយការផ្ទេរកម្មសិទ្ធិ (ទិញ-លក់)បំពេញនីតិវិធីផ្ទេរកម្មសិទ្ធិនៅមន្ទីរសាធារណការ និងដឹកជញ្ជូន និងបំពេញកាតព្វកិច្ចសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាខេត្ត, អ្នកតំណាងឈរឈ្មោះជំនួសមកស្នើសុំធ្វើបច្ចុប្បន្នភាពទៅឈ្មោះម្ចាស់ពិតប្រាកដនៅរដ្ឋបាលសារពើពន្ធ ឬមន្ទីរសាធារណការ និងដឹកជញ្ជូន, យានយន្តខូច ឬបំបែកគ្រឿងបន្លាស់ផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរ ភ្ជាប់លិខិតបញ្ជាក់ពីស្ថាប័នសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើលុបទិន្នន័យចេញពីប្រព័ន្ធ, ការផ្លាស់ប្តូរទិន្នន័យយានយន្តមកស្នើសុំធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ

▎ផលវិបាកចំពោះអ្នកដែលមិនសហការ

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីដែលម្ចាស់យានយន្ត ឬអ្នកតំណាង ដែលបានចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូន មិនបានចូលរួមសហការ ត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចបង់ពន្ធ និងពន្ធបន្ថែម ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបប្រទះបញ្ហាខាងលើ សូមប្រញាប់មកធ្វើបច្ចុប្បន្នភាពទិន្នន័យ ដើម្បីជៀសវាងការទទួលរងទណ្ឌកម្មរដ្ឋបាល និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តពន្ធលើមធ្យោបាយដឹកជញ្ជូនប្រកបដោយយុត្តិធម៌៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026