Register Already an agent ? Login

គម្រោងវិនិយោគ ១៧៤លានដុល្លារ សម្រុកចូលខេត្តចំនួន៦ បង្កើតការងារជិត ៤ពាន់កន្លែង

ភ្នំពេញ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគធំៗចំនួន៦ ក្នុងទឹកប្រាក់សរុបជាង ១៧៤លានដុល្លារ ដែលនឹងបង្កើតការងារដល់ប្រជាពលរដ្ឋជាង ៣.៥០០កន្លែង។

នេះជាលទ្ធផលនៃកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” លើកទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីពិនិត្យ និងពន្លឿនការអនុវត្តគម្រោងទាំងនេះឲ្យមានប្រសិទ្ធភាព។

ការវិនិយោគយក្សទាំងនេះរួមមាន

វិស័យឧស្សាហកម្ម (៤គម្រោង) ផលិតដើមណូអែល អំពូលភ្លើងលំអ សម្ភារៈតុបតែងបុណ្យ, ផលិតដីស និងគ្រឿងតុបតែងប្លាស្ទិក, ផ្គុំដំឡើងរថយន្ត និងផលិតប្រដាប់ក្មេងលេង កាបូប វាំងនន ព្រមទាំងបោះពុម្ព។

វិស័យកសិកម្ម (១គម្រោង) បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) រួមជាមួយរោងចក្រកែច្នៃ។

វិស័យហេដ្ឋារចនាសម្ព័ន្ធ (១គម្រោង) អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីថាមពលជីវម៉ាស ៥០មេហ្គាវ៉ាត់ និងថាមពលពន្លឺព្រះអាទិត្យ ៤០មេហ្គាវ៉ាត់។

ទីតាំងយក្ស គម្រោងទាំងអស់ត្រូវបានបោះទីតាំងនៅតាមខេត្តចំនួន៦ រួមមាន៖ ស្វាយរៀង, បាត់ដំបង, តាកែវ, ពោធិ៍សាត់, កណ្តាល និងកំពង់ស្ពឺ។

"នេះគឺជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ និងសម្របសម្រួលយ៉ាងសកម្មពីសំណាក់ CDC ដើម្បីជំរុញការវិនិយោគឱ្យមានប្រសិទ្ធភាព និងឆាប់រហ័សបំផុតតាមរយៈយន្តការ ច្រកចេញ-ចូលតែមួយ៕"

ដោយ៖ មឿន ឌីណា (Moeun Dyna)