ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានក្លាយជាចំណុចប្រសព្វនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈកិច្ចពិភាក្សាផ្ទាល់រវាងថ្នាក់ដឹកនាំកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សា ជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសហគមន៍ធុរកិច្ចអាមេរិក ដែលដឹកនាំដោយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា។
ការវិនិយោគ និងដំណោះស្រាយឧបសគ្គ៖ ចំណុចស្នូលនៃការពិភាក្សា
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការជំរុញការវិនិយោគរបស់អាមេរិកនៅកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងក្បោះក្បាយអំពីឧបសគ្គ និងដំណោះស្រាយពាក់ព័ន្ធនឹងការធ្វើធុរកិច្ច។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់ដល់វិនិយោគិនអាមេរិក ដើម្បីពង្រីកវត្តមានរបស់ពួកគេនៅក្នុងទីផ្សារកម្ពុជា។
ពាណិជ្ជកម្មទ្វេភាគីលោតផ្លោះជិត ៣០%៖ សន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការ
ចំណុចដ៏លេចធ្លោមួយទៀតនៃជំនួបនេះ គឺការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០២៥។ តួលេខដ៏គួរឱ្យចាប់អារម្មណ៍បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានរហូតដល់ ១៣.១៤ពាន់លានដុល្លារ កើនឡើង ២៩.២៤% បើធៀបនឹងឆ្នាំ២០២៤។
ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបាន ១២.៧៣ពាន់លានដុល្លារ កើន ២៨.៤៨% ខណៈការនាំចូលពីអាមេរិកវិញ មានទឹកប្រាក់ជាង ៤១៧លានដុល្លារ កើនឡើងដល់ទៅ ៥៧.៨៣%។
មុខទំនិញសំខាន់ៗ ពីសម្លៀកបំពាក់ ដល់គ្រឿងអេឡិចត្រូនិក
កម្ពុជាបន្តនាំចេញផលិតផលស្នូលដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងគ្រឿងបង្គុំ ទៅកាន់ទីផ្សារអាមេរិក។ ចំណែកការនាំចូលពីអាមេរិកវិញ រួមមានរថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសម្អាង សម្ភារអគ្គិសនី និងអេឡិចត្រូនិក។
ទោះបីជាអាមេរិកដាក់អត្រាពន្ធបដិកាថ្មីក៏ដោយ ការនាំចេញរបស់កម្ពុជានៅតែបន្តរក្សាបាននូវកំណើនដ៏រឹងមាំ ដែលបង្ហាញពីភាពធន់ និងសារៈសំខាន់នៃទីផ្សារអាមេរិក ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា។
ជំនួបនេះបានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក កាន់តែរីកចម្រើនថែមទៀតនាពេលអនាគត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)