Register Already an agent ? Login

ក.អ.ក. និង TAFTAC ពង្រឹងភាពជាដៃគូ ជំរុញវិស័យវាយនភណ្ឌឱ្យក្លាយជាឧស្សាហកម្មបៃតង និងទាក់ទាញវិនិយោគិនខ្សែទឹកខាងលើ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងគោលដៅជំរុញវិស័យឧស្សាហកម្មដ៏សំខាន់នេះ ឱ្យកាន់តែមានភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងទាក់ទាញខ្សែច្រវាក់ផលិតកម្មពីលើគេ (Upstream) បន្ថែមទៀត។

កិច្ចពិភាក្សានាពេលនេះធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ១០ មីនា ឆ្នាំ២០២៦ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូ TAFTAC ដឹកនាំដោយលោក Enjoy Ho ប្រធានសមាគមថ្មី។

ក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានអបអរសាទរចំពោះលោក Enjoy Ho ក្នុងការទទួលតួនាទីជាប្រធានសមាគមអាណត្តិថ្មី (២០២៦-២០២៨) និងបានរំលឹកពីទំនាក់ទំនងការងារដ៏ល្អរវាង ក.អ.ក. និងសមាគមជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

លោក Enjoy Ho បានជម្រាបជូនពីដំណើររបស់សមាគមដែលមានអាយុកាលជិត ៣០ឆ្នាំ ដោយបានវិវត្តពីអតីតសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មកជា TAFTAC បច្ចុប្បន្ន។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពី ក.អ.ក. និងបានស្នើសុំឱ្យស្ថាប័នរដ្ឋាភិបាលបន្តគាំទ្រសកម្មភាពសមាគម ដើម្បីទាក់ទាញវិនិយោគិនថ្មីៗ និងជំរុញកំណើនវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ។

ឆ្លើយតបនឹងការស្នើសុំនេះ ឯកឧត្តមអគ្គលេខាធិការបានកោតសរសើរដល់ការរួមចំណែករបស់សមាគមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការ។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍យុទ្ធសាស្រ្តចំនួនពីរដល់សមាគម ដើម្បីបង្កើតសកម្មភាពលេចធ្លោក្នុងអាណត្តិថ្មី៖

ទី១. ជំរុញឧស្សាហកម្មបៃតង បានស្នើឱ្យសមាគមសិក្សាលទ្ធភាពរៀបចំទីតាំងសមស្របមួយ ដើម្បីទាក់ទាញគម្រោងវិនិយោគផ្នែកបោកគក់ និងជ្រលក់ពណ៌។ គោលដៅគឺដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យនៃការបំពុលបរិស្ថាន បង្កើតជាតំបន់ឧស្សាហកម្មស្អាត និងមាននិរន្តរភាព។

ទី២. ទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (Upstream) បានលើកទឹកចិត្តឱ្យសមាគមធ្វើការគិតគូរក្នុងការទាក់ទាញវិនិយោគិនមកកាន់ឧស្សាហកម្មខ្សែទឹកខាងលើ ដូចជាការផលិតវត្ថុធាតុដើម និងគ្រឿងបន្លាស់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការយ៉ាងពេញលេញជាមួយ TAFTAC ដើម្បីសម្រេចគោលដៅទាំងពីរនេះឱ្យបានជោគជ័យ។

ឆ្លើយតបទៅនឹងអនុសាសន៍ដ៏មានសារៈសំខាន់នេះ លោក Enjoy Ho បានទទួលយកនូវសំណើទាំងពីរដោយរីករាយ និងបានសន្យាថានឹងដឹកនាំក្រុមការងារសមាគមធ្វើការសិក្សា និងរៀបចំផែនការសកម្មភាពបន្ត ដើម្បីពិភាក្សាលម្អិតជាមួយ ក.អ.ក. នាពេលខាងមុខ។

ជំនួបនេះបានបញ្ជាក់ជាថ្មីពីទំនាក់ទំនងដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមគ្នាកសាងឧស្សាហកម្មកម្ពុជាប្រកបដោយភាពធន់ ទំនើបកម្ម និងការទទួលខុសត្រូវចំពោះសង្គម-បរិស្ថាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)