Register Already an agent ? Login

គម្រោងស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា រីកចម្រើន ៦២% ហើយ គ្រោងបើកដំណើរការដឹកធ្នឹមឆ្លងកាត់កោះពេជ្រ

ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពី ចាក់អង្រែក្រោម ទៅកាន់ ព្រែកប្រា កំពុងតែដំណើរការយ៉ាងលឿន ហួសពីការរំពឹងទុក។ យោងតាមការចុះពិនិត្យតាមដានរបស់ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ការដ្ឋានសាងសង់ស្ពាននេះ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ សម្រេចបានវឌ្ឍនភាព ៦២% ហើយ។

នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួង ហេង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការអនុវត្តគម្រោង និងការចាប់ផ្តើមដំណើរការដឹកជញ្ជូនធ្នឹមស្ពាន ដើម្បីយកទៅដំឡើងនៅត្រើយខាងកើត។ គម្រោងដែលបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កំពុងដំណើរការលឿនជាងផែនការដើម ដែលមានរយៈពេលសាងសង់សរុប ៤២ខែ ។

វឌ្ឍនភាពលម្អិតនៃគម្រោង គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពការងារផ្នែកផ្សេងៗមានដូចខាងក្រោម៖

ផ្នែកគ្រឹះស្ពាន និងរចនាសម្ព័ន្ធក្រោមស្ពាន៖ សម្រេចបាន ១០០% ពេញលេញហើយ។

រចនាសម្ព័ន្ធលើស្ពាន៖ សម្រេចបាន ៤៧%។ ក្នុងនោះ ធ្នឹមប្រភេទ T ដែលត្រូវដំឡើងចំនួន ១៨០ដើម បានដំឡើងរួចចំនួន ១៣០ដើម និងធ្នឹម T ដែលចាក់នៅនឹងកន្លែងចំនួន ១៨០ដើម សម្រេចបាន ៨៤ដើម។

បណ្តាញផ្លូវ៖ សម្រេចបាន ៤៣%។ នេះរួមមានផ្លូវតភ្ជាប់ប្រវែង ៨០៤,៣០ម៉ែត្រ សម្រេច ៣៥% និងផ្លូវបង្វែរទិស (Ramp) ប្រវែង ១,៥៤គីឡូម៉ែត្រ សម្រេច ៣៦% ។

ដោយសារការដោះស្រាយផលប៉ះពាល់នៅត្រើយខាងកើតអូសបន្លាយ ក្រុមហ៊ុនសាងសង់បានសម្រេចរៀបចំទីតាំងផលិតធ្នឹមស្ពានរួមគ្នានៅផ្នែកខាងលិចតែម្តង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការដឹកជញ្ជូនធ្នឹមស្ពានចំនួន ៩៦ដើម ពីត្រើយខាងលិចទៅកាន់ត្រើយខាងកើតវិញ។

ការដឹកជញ្ជូននេះ នឹងឆ្លងកាត់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រាជធានី រួមមាន មហាវិថីឈុន គង់ (កំពុងសាងសង់) មហាវិថីសម្តេចតេជោ មហាវិថីស៊ីជីនពីង និងផ្លូវលេខ១១០។ ដើម្បីធានាបាននូវភាពទាន់ពេលវេលា និងសុវត្ថិភាព ក្រសួងសាធារណការ បានធ្វើការស្នើសុំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជួយសម្រួលចរាចរណ៍ និងសម្របសម្រួលជូនដល់ក្រុមហ៊ុនសាងសង់ផងដែរ។

ស្ពានថ្មីនេះ មានប្រវែងសរុប ៨៤៥,៧០ម៉ែត្រ និងទទឹង ២៧ម៉ែត្រ ដោយភ្ជាប់ខណ្ឌមានជ័យ (ចាក់អង្រែក្រោម) ទៅកាន់ខណ្ឌច្បារអំពៅ (ព្រែកប្រា) ។ គម្រោងថវិកា ៦០លានដុល្លារអាមេរិកនេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន Shanghai Construction (Cambodia) Co., Ltd. ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។

នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងក្លាយជាស្ពានទី៨ ដែលឆ្លងកាត់ទន្លេក្នុងរាជធានីភ្នំពេញ ។ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសនៅលើស្ពានព្រះមុនីវង្ស ដែលតភ្ជាប់ទៅផ្លូវជាតិលេខ១ ។ លើសពីនេះ គម្រោងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-សង្គមរវាងភាគខាងត្បូងរាជធានី អាកាសយានដ្ឋានអន្តរជាតិតេជោ និងក្រុងតាខ្មៅ ព្រមទាំងជំរុញការអភិវឌ្ឍអចលនទ្រព្យនៅតំបន់ចាក់អង្រែ និងព្រែកប្រាទៀតផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)