Register Already an agent ? Login

មន្ត្រីជាតិ-អន្តរជាតិចុះពិនិត្យប្រគល់-ទទួលទីលានចាក់សំរាមក្រុងបាវិត ក្នុងទឹកប្រាក់ជាង ៦០លានដុល្លារ

ស្វាយរៀង៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យគុណភាពបច្ចេកទេស និងរៀបចំប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ដែលជាធាតុផ្សំដ៏សំខាន់មួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៦០លានដុល្លារអាមេរិក ដោយគ្របដណ្តប់លើការសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រព័ន្ធលូបង្ហូរទឹក និងទីលានទុកដាក់សំរាមស្តង់ដារនៅក្នុងក្រុងបាវិត។

សម្រាប់អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមវិញ មានទឹកប្រាក់វិនិយោគប្រមាណ ២,៥លានដុល្លារ និងចំណាយពេលសាងសង់ ២៤ខែ (ចាប់ពីខែមីនា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦)។ ការចុះពិនិត្យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានាគុណភាពបច្ចេកទេស មុនពេលប្រគល់ជូនរដ្ឋបាលមូលដ្ឋានគ្រប់គ្រង និងថែទាំបន្ត។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ មន្ទីរសាធារណការខេត្តស្វាយរៀង ព្រមទាំងក្រុមហ៊ុនទីប្រឹក្សា និងសាងសង់ពាក់ព័ន្ធ។

សូមបញ្ជាក់ថា គម្រោងទាំងមូលនេ៹ង នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ ក្នុងក្រុងបាវិត តាមរយៈការគ្រប់គ្រងសំរាម និងទឹកកខ្វក់ប្រកបដោយសុវត្ថិភាព កាត់បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់អនាម័យទីក្រុង ឱ្យក្លាយជាទីក្រុងស្អាត គួរឱ្យចង់រស់នៅ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)