ភ្នំពេញ៖ នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងយ៉ាងច្បាស់អំពីទិសដៅអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ដោយសង្កត់ធ្ងន់លើការប្រើប្រាស់ទិន្នន័យវិទ្យាសាស្ត្រ និងការពង្រឹងភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរំលេចពីដំណើរវិវត្តនៃវិស័យលំនៅឋានកម្ពុជា ដោយចាប់ផ្តើមពីឆ្នាំ១៩៨៩ ដែលជាពេលដែលប្រទេសជាតិទទួលស្គាល់សិទ្ធិកម្មសិទ្ធិឯកជន និងធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធឡើងវិញ។ ការផ្លាស់ប្តូរគ្រឹះនេះ បានផ្តល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋក្នុងការកសាងលំនៅឋានផ្ទាល់ខ្លួន ចាប់តាំងពីផ្ទះឈើ រហូតដល់ផ្ទះល្វែង និងវីឡាទំនើបៗ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលសន្តិភាពពេញលេញបានគ្របដណ្តប់លើផ្ទៃប្រទេស វិស័យអភិវឌ្ឍន៍លំនៅឋានបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ជាមួយនឹងការលេចចេញជារលកនៃគម្រោងបុរីធំៗ។ គម្រោងទាំងនេះ បានផ្តល់នូវជម្រើសលំនៅឋានកាន់តែសម្បូរបែប បំពេញតម្រូវការដែលកំពុងកើនឡើងនៃស្រទាប់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ទោះបីជាសម្រេចបានជោគជ័យច្រើនក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយ។ ជាក់ស្តែង ក្នុងនាមជាអ្នកដឹកនាំក្រសួង ឯកឧត្តមបានផ្តល់អនុសាសន៍យ៉ាងដិតដល់ដល់សមាជិកសមាគម និងវិស័យឯកជនទាំងមូល អំពីវិធីសាស្រ្តក្នុងការអភិវឌ្ឍនាពេលអនាគត។
“ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក យើងត្រូវឈរលើទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ក្នុងការអភិវឌ្ឍលំនៅឋាន”។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការអភិវឌ្ឍប្រកបដោយចក្ខុវិស័យនេះ នឹងរៀបចំឱ្យឧស្សាហកម្មដ៏សំខាន់នេះ បន្តដើរតួនាទីយ៉ាងសកម្មក្នុងសេដ្ឋកិច្ចជាតិ។ ការយកចិត្តទុកដាក់គឺត្រូវផ្តល់ឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជន ផ្តល់នូវកន្លែងរស់នៅសមរម្យ និងផ្តល់ជីវិតគ្រួសារថ្មីប្រកបដោយគុណភាព។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍត្រូវរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ ដើម្បីធ្វើឱ្យសង្គមជាតិកាន់តែរីកចម្រើនទៅមុខដោយរឹងមាំ។
សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាលសមាគម និងសហគ្រិនអភិវឌ្ឍន៍លំនៅឋានជាច្រើន ដោយបានផ្តោតលើការពិភាក្សាអំពីបទពិសោធន៍ បញ្ហាប្រឈម និងផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងវិស័យអភិវឌ្ឍន៍លំនៅឋានឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)