ភ្នំពេញ៖ ដើម្បីពង្រឹងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់សកល និងជំរុញកំណើនសេដ្ឋកិច្ច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងជំរុញយ៉ាងសកម្មឱ្យមានការវិនិយោគបរទេសក្នុងវិស័យកែច្នៃកសិផល ជាពិសេសលើដំណាំសក្តានុពលដូចជា ស្វាយចន្ទី ដំឡូងមី និងអង្ករ។
នៅក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី៩ ខែមីនា ជាមួយគណៈប្រតិភូនៃសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគយ៉ាងគំហុកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ដើម្បីធានាបាននូវចីរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនដែលចាប់អារម្មណ៍លើការផលិតវត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេចនៅក្នុងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ជាពិសេសពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដោយលើកយកឧទាហរណ៍ពីគម្រោងបង្កើត តំបន់កែច្នៃស្វាយចន្ទីសមាហរណកម្ម។ ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលគ្រោងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគនៅក្នុងតំបន់គោលដៅនេះ ដើម្បីជំរុញឱ្យមានការកែច្នៃក្នុងស្រុកឱ្យបានច្រើន។
ជាការឆ្លើយតប លោក វ៉ាង ថុង ប្រធានសមាគម បានជម្រាបជូនអំពីផែនការវិនិយោគរបស់សមាគម ដែលផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី ព្រមទាំងការបង្កើតភណ្ឌាគារគយ (ឃ្លាំងស្តុកទំនិញ) ដែលមានដែនកំណត់ ដើម្បីគាំទ្រដល់វិស័យភស្តុភារកម្មក្នុងតំបន់។ លោកបានបញ្ជាក់ថា សមាគមដែលទើបបង្កើតថ្មីនេះ មានសមាជិកជាក្រុមហ៊ុនចម្រុះរបស់ចិនក្នុងវិស័យផ្សេងៗជាច្រើន។
ជាលទ្ធផល ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងកែច្នៃស្វាយចន្ទីនេះ ដោយអះអាងថា គណៈកម្មាធិការវិនិយោគកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលពេញលេញដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោង ដើម្បីឱ្យគម្រោងដ៏វិសេសវិសាលនេះឆាប់លេចចេញជារូបរាងជាក់ស្តែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)