ភ្នំពេញ៖ ក្នុងយុគ្គសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន បានបោះជំហានថ្មីមួយទៀតក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា តាមរយៈការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គម្រោងនេះធ្វើឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដែលជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខាដ៏សំខាន់នេះបានប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងតំណាងភាគីចិន។ ថ្នាក់ដឹកនាំភាគីចិនបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានាពេលនេះ ដោយមើលឃើញថានេះជាការបន្តនូវទំនៀមទម្លាប់នៃការជួយគ្នាទៅវិញទៅមក។
បើតាមលម្អិតនៃគម្រោង ភាគីចិននឹងផ្តល់ជំនួយដល់ភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ភាគីចិនក៏នឹងបំពាក់បន្ថែមនូវឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងទំនើបៗផងដែរ។ ការឧបត្ថម្ភនេះ មិនត្រឹមតែជួយលើកកម្ពស់គុណភាព និងបរិយាកាសនៃការព្យាបាលជូនប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យស្តង់ដារវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យនេះកាន់តែខ្ពស់ថែមទៀត។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ នឹងក្លាយជាគ្រឹះស្ថានសុខាភិបាលដ៏សំខាន់មួយបន្ថែមទៀត ក្នុងបណ្តាញមន្ទីរពេទ្យដែលបានទទួលការគាំទ្រពីចិន។ ថ្នាក់ដឹកនាំភាគីចិនបានសម្តែងនូវទស្សនវិស័យដ៏វិជ្ជមានថា ក្រោយពេលបញ្ចប់ការសាងសង់ មន្ទីរពេទ្យនេះ រួមជាមួយនឹង អគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និង មន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺការកាត់បន្ថយការធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីទទួលបានសេវាព្យាបាលកម្រិតខ្ពស់។
ការប្រកាសដាក់ចេញនូវគម្រោងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលចិនក្នុងការគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលដែលជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ នេះក៏ជាសក្ខីភាពមួយបញ្ជាក់ថា ក្រោមឆត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាក់ស្តែងជាបន្តបន្ទាប់ ដែលរួមចំណែកក្នុងការកសាងសង្គមមួយប្រកបដោយសុខភាពល្អ និងភាពរុងរឿង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)